ក្រុមមន្រ្តីនិយាយថា ច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់ Rafah នៅតំបន់ហ្កាហ្សា បានបើកឡើងវិញសម្រាប់ចរាចរណ៍មានដែនកំណត់ ក្រោយបិទអស់រយៈពេល ២ឆ្នាំ ។
ច្រកព្រំដែន Rafah ដែលតភ្ជាប់ដែនដីប៉ាឡេស្ទីនមួយនេះ ជាមួយអេហ្ស៊ីប គឺជាច្រកព្រំដែនតែមួយគត់របស់តំបន់ហ្កាហ្សា ដែលមិនទៅអ៊ីស្រាអែល ។ ការបើកច្រកឡើងវិញ រយៈពេលប្រហែល ២ឆ្នាំក្រោយបិទ បានកើតមាននៅថ្ងៃចន្ទនេះ ។
រថយន្តគិលានសង្រ្គោះ និងរថយន្តធំ បានចតតម្រង់ជួរកាលពីថ្ងៃអាទិត្យ នៅច្រកព្រំដែនមួយនេះ រងចាំចេញដំណើរ ។
ជាចំណុចចូលដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់មនុស្សធម៌ និងជាច្រកសម្រាប់មនុស្សរង់ចាំជម្លៀសផ្នែកវេជ្ជសាស្រ្ត ការបើកច្រកឡើងវិញនេះ ត្រូវបានកំណត់ក្រោមបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកដែលបញ្ឈប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីខែតុលា ឆ្នាំ ២០២៥ ។

អ៊ីស្រាអែល និងអេហ្ស៊ីប ត្រូវបានគេរំពឹងថា នឹងកំហិតចំនួនអ្នកដំណើរឆ្លងកាត់ ហើយអ៊ីស្រាអែលនឹងទាមទារឲ្យមានការត្រួតពិនិត្យសន្តិសុខតឹងរ៉ឹងលើការចូលរបស់ជនប៉ាឡេស្ទីន និងការចាកចេញពីតំបន់ហ្កាហ្សាស្រ្ទីប ។
មន្រ្តីសន្តិសុខអ៊ីស្រាអែលមួយរូបនិយាយថា ក្រុមតាមដានអឺរ៉ុប បានធ្វើដំណើរទៅដល់ច្រកព្រំដែន ។ បេសកកម្មជំនួយព្រំដែនសហភាពអឺរ៉ុប(EUBAM)នឹងគ្រប់គ្រងការឆ្លងកាត់ខាងបាឡេស្ទីន ដាក់តារាងឈ្មោះមនុស្សចង់ចាកចេញពីតំបន់ហ្កាហ្សាជាមួយគោលដៅចុងក្រោយរបស់ពួកគេ ទៅឲ្យភាគីអេហ្ស៊ីប សម្រាប់ត្រួតពិនិត្យសន្តិសុខ ។
ដូចគ្នាវិញដែរ អេហ្ស៊ីប នឹងដាក់តារាងឈ្មោះជនប៉ាឡេស្ទីនដែលចង់ចូល អ្នកដែលទទួលបានការអនុញ្ញាតឲ្យចូលនៅថ្ងៃបន្ទាប់ ក្រោយត្រួតពិនិត្យសន្តិសុខ ។
មន្រ្តីអេហ្ស៊ីបមួយរូបនិយាយថា ជនប៉ាឡេស្ទីន ៥០នាក់ នឹងត្រូវឆ្លងកាត់ ក្នុងទិសដៅនិមួយៗ នៅថ្ងៃដំបូងនៃប្រតិបត្តិការឆ្លងកាត់ព្រំដែននេះ ៕
