កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានសម្តែងមរណទុក្ខដល់ក្រុមគ្រួសារអ្នកដែលត្រូវបានសម្លាប់ ក្រោយការវាយប្រហារយានដ្រូនរុស្ស៊ីលើរថយន្តក្រុងដឹកកម្មអណ្តូងរ៉ែ បណ្តាលឲ្យមនុស្សយ៉ាងហោច ១២នាក់ស្លាប់ ។

លោក Denys Shmyhal គឺជារដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Telegram កាលពីថ្ងៃអាទិត្យថា ថ្ងៃនេះ សត្រូវបានធ្វើការវាយប្រហារដោយចេតនា និងចំគោលដៅលើកម្មករវិស័យថាមពលនៅក្នុងតំបន់ Dnipro ។
នគរបាលនិយាយថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងទីក្រុង Ternivka ហើយវីដេអូដែលបានបង្ហោះដោយអង្គភាពសេវាកម្មសង្គ្រោះបន្ទាន់រដ្ឋ ឃើញរថយន្តក្រុងរងការឆាបឆេះ បង្អួចបែកមុនពេលធ្លាក់ចេញពីផ្លូវ ។
ក្រុមហ៊ុនថាមពល DTEK បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកស្លាប់ និងរងរបួសគឺជាបុគ្គលិករបស់ខ្លួនដែលត្រឡប់មកពីប្តូរវេនធ្វើការ ។
អំឡុងសុន្ទរកថានាពេលយប់ លោក Zelenskiy បាននិយាយផងដែរពីការលំបាកដែលពលរដ្ឋអ៊ុយក្រែនប្រឈម ដោយសារសម្ពាធលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលកាន់តែធ្ងន់ធ្ងរទៅ ដោយសារការវាយប្រហាររបស់រុស្ស៊ី ។
នៅព្រឹកថ្ងៃអាទិត្យ លោក Zelenskiy បានប្រកាសកិច្ចប្រជុំសន្តិភាពថ្មី ស្របពេលភាពពុំច្បាស់លាស់ចំពោះការផ្អាកការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពល ៕
