ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី២ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខ្លួនបានកោះអញ្ជើញឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ទាំងអស់ ប្រចាំនៅសាធារណរដ្ឋឥស្លាម ដើម្បីឲ្យមកស្ដាប់ការតវ៉ាប្រឆាំង ចំពោះការសម្រេចរបស់ប្លុកនេះ ក្នុងការចុះបញ្ជីកងឆ្មាំបដិវត្តន៍ប៉ារ៉ាជាអង្គការភេរវកម្ម ជាចំណាត់ការមួយដែលអាចបង្កើនភាពតានតឹងផ្នែកការទូត រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងប៊្រុចសែល។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានប្រាប់អ្នកសារព័ត៌មានថា ឯកអគ្គរដ្ឋទូតត្រូវបានកោះហៅ កាលពីថ្ងៃអាទិត្យ ដើម្បីឲ្យឆ្លើយតប ពាក់ព័ន្ធនឹងការចុះបញ្ជីជាក្រុមភេរវកម្មដោយ EU សម្រាប់កងឆ្មាំបដិវត្តន៍ ដែលត្រូវបានគេស្គាល់ផងដែរថា ជាកងឆ្មាំបដិវត្តន៍ឥស្លាម ឬ IRGC ។

គួរបញ្ជាក់ថា បើយោងតាមសារព័ត៌មាន AP បានឲ្យដឹងថា ការកំណត់របស់ EU កាលពីសប្តាហ៍មុន គឺផ្តោតលើកងឆ្មាំនេះ ជុំវិញតួនាទីរបស់កងកម្លាំងនេះ នៅក្នុងការបង្ក្រាបដោយហិង្សា លើការតវ៉ាទូទាំងប្រទេសក្នុងខែមករា។ វិធានការនេះ សម្រេចដាក់ក្រុមនេះនៅក្នុងបញ្ជីភេរវកម្មរបស់ប្លុក ដោយស្របតាមចំណាត់ការកំណត់ស្រដៀងគ្នា ពីសំណាក់សហរដ្ឋអាមេរិក និងកាណាដា។
យ៉ាងណាក្ដី ការអត្ថាធិប្បាយរបស់លោក Baghaei គឺមិនបានផ្ដល់ភាពលម្អិតឡើយ ហើយមិនបានគូសបញ្ជាក់ពីការពិន័យការទូតជាក់លាក់ណាមួយ ក្រៅពីការកោះអញ្ជើញឯកអគ្គរដ្ឋទូត។ មន្ត្រីអ៊ីរ៉ង់បានចាត់ទុកការសម្រេចរបស់ EU ថា ជាទង្វើអរិភាព តែមិនមានវិធានការសងសឹកជាផ្លូវការណាមួយ ត្រូវបានរៀបរាប់លម្អិត នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងឡើយ៕

