ប្រទេសអាល្លឺម៉ង់បានចាប់ខ្លួនមនុស្ស ៥នាក់ពីបទនាំចេញទំនិញដែលមានតម្លៃយ៉ាងហោចណាស់ ៣០លានអឺរ៉ូ (៣៥លានដុល្លារ) ទៅកាន់រុស្ស៊ី ក្នុងរួមមានទាំងក្រុមហ៊ុនអាវុធជាង ២០ផងដែរ ដែលជាការរំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU)។ នេះបើយោងតាមរដ្ឋអាជ្ញា ដែលបានប្រាប់ឲ្យដឹង នៅថ្ងៃចន្ទ (ទី២ ខែមករា ឆ្នាំ២០២៦) នេះ។
ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុងកំពង់ផែសមុទ្របាល់ទិក Luebeck ដើម្បីរៀបចំការដឹកជញ្ជូនទំនិញប្រហែល ១៦.០០០ដង ទៅរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ការស៊ើបអង្កេត ក្នុងនោះរួមទាំងការឆ្មក់ចូលទីតាំងផ្សេងៗ ត្រូវបានធ្វើឡើងដោយទីភ្នាក់ងារគយសហការជាមួយស្ថាប័នស៊ើបការណ៍សម្ងាត់បរទេស BND របស់អាល្លឺម៉ង់។ រដ្ឋអាជ្ញាបានឲ្យដឹងថា បណ្តាញផ្គត់ផ្គង់ «ប្រហែលជាត្រូវបានដំណើរការដោយភ្នាក់ងាររដ្ឋរុស្ស៊ី» ហើយអ្នកទទួល រួមមាន «យ៉ាងហោចណាស់ក្រុមហ៊ុនអាវុធចំនួន ២៤ ដែលបានចុះបញ្ជីនៅរុស្ស៊ី»។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មាននាយកគ្រប់គ្រងរបស់ក្រុមហ៊ុនពាណិជ្ជកម្ម ដែលត្រូវបានកំណត់អត្តសញ្ញាណត្រឹមឈ្មោះ Nikita S. ដែលមានសញ្ជាតិ ២ អាល្លឺម៉ង់-រុស្ស៊ី។
រដ្ឋអាជ្ញាបានបញ្ជាក់ឲ្យដឹងថា៖ «យ៉ាងហោចណាស់ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ រូបគេ និងជនជាប់ចោទដទៃទៀត បានប្រើប្រាស់ក្រុមហ៊ុននេះជាច្រើនលើកច្រើនសារ ដើម្បីទិញទំនិញដោយសម្ងាត់ សម្រាប់ឧស្សាហកម្មរុស្ស៊ី និងនាំចេញទៅប្រទេសរុស្ស៊ី»។
ជនសង្ស័យទាំងនោះ ត្រូវបានចាប់ខ្លួនពីបទជាប់ទាក់ទងនឹង «អង្គការឧក្រិដ្ឋមួយដែលពាក់ព័ន្ធនឹងអាជីវកម្មនាំចេញដោយរំលោភលើច្បាប់ពាណិជ្ជកម្ម និងការទូទាត់បរទេស»៕