ក្រុមអាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា រុស្ស៊ីបានវាយប្រហាររដ្ឋធានីគីវរបស់អ៊ុយក្រែនដោយមីស៊ីលផ្លោងនៅព្រឹកថ្ងៃអង្គារ៣កុម្ភៈនេះ បន្ទាប់ពីការផ្អាកការវាយប្រហារលើទីក្រុងធំៗ និងហេដ្ឋារចនាសម្ព័ន្ធដែលបានព្រមព្រៀងគ្នាដោយរុស្ស៊ី និងសហរដ្ឋអាមេរិក ខណៈអ៊ុយក្រែនកំពុងតស៊ូទប់ទល់នឹងសីតុណ្ហភាពរដូវរងាកាន់តែត្រជាក់។បុគ្គលិកទូរទស្សន៍ CNN នៅរដ្ឋធានីគីវបានរាយការណ៍ថា បានឮសំឡេងផ្ទុះខ្លាំងៗជាច្រើននៅក្នុងរដ្ឋធានីនេះ។

មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា មនុស្សយ៉ាងហោចណាស់២១នាក់បានស្លាប់ និង៧នាក់រងរបួសបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យដោយយានដ្រូនរបស់រុស្ស៊ីលើរថយន្តក្រុងដឹកកម្មកររ៉ែ នៅតំបន់ Dnipropetrovsk របស់អ៊ុយក្រែន។
យោងតាមវិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្ស៊ី Vladimir Putinកាលពីសប្តាហ៍មុនបានយល់ព្រមផ្អាកការវាយប្រហារទីក្រុងធំៗ និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍មុន បន្ទាប់ពីមានសំណើដោយផ្ទាល់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ។
ការផ្អាកនេះក៏បានកើតឡើងបន្ទាប់ពីការចរចាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអាមីរ៉ាតអារ៉ាប់រួមផងដែរ ដែលជាការចរចាបែបនេះលើកដំបូងចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូក្នុងខែកុម្ភៈ ឆ្នាំ២០២២។យោងតាមរបាយការណ៍ លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធារដ្ឋធានីគីវ បានសរសេរនៅលើ Telegram ថា អគារលំនៅឋានកម្ពស់ច្រើនជាន់ជាច្រើនត្រូវបានខូចខាត។យោងតាមកងទ័ពអាកាសអ៊ុយក្រែន ទីក្រុង Dnipro នៅភាគខាងកើតអ៊ុយក្រែន ក៏ត្រូវបានវាយប្រហារដោយមីស៊ីលផ្លោងផងដែរ។
វិមានក្រឹមឡាំងបានបញ្ជាក់ថាកិច្ចចរចាត្រីភាគីជុំបន្ទាប់រវាងអ៊ុយក្រែន រុស្ស៊ី និងអាមេរិក បំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទីក្រុងអាប៊ូដាប៊ី ដដែល៕

