រដ្ឋាភិបាលគុយបាបានបដិសេធការចោទប្រកាន់ដែលថាខ្លួនបង្កការគំរាមកំហែងដល់សន្តិសុខរបស់សហរដ្ឋអាមេរិក ដោយទទូចថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយទីក្រុងវ៉ាស៊ីនតោន។

ក្រសួងការបរទេសគុយបាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ២កុម្ភៈសប្ដាហ៍នេះ ដោយអំពាវនាវឱ្យមានការសន្ទនា និងសង្កត់ធ្ងន់ថាប្រទេសកោះនៅតំបន់សមុទ្រការ៉ាអ៊ីពមួយនេះ មិនគាំទ្រ ភេរវកម្មទេ។ សេចក្តីប្រកាសនេះកើតឡើងស្របពេលមានភាពតានតឹងកើនឡើងបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡាលោក Nicolas Maduro កាលពីខែមុន ដែលជាផ្នែកមួយនៃការជំរុញរបស់ប្រធានាធិបតី Trump សម្រាប់ការត្រួតត្រារបស់សហរដ្ឋអាមេរិកលើអឌ្ឍគោលខាងលិច។
រដ្ឋាភិបាលគុយបាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានប្រាប់សារព័ត៌មាន AFP ថាខ្លួនកំពុងទំនាក់ទំនង ជាមួយរដ្ឋបាលរបស់ប្រធានាធិបតី Trump ប៉ុន្តែមិនទាន់មានការចរចាជាផ្លូវការលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់យុទ្ធនាការដាក់សម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោនលើកោះនេះនៅឡើយទេ។
សេចក្តីថ្លែងការណ៍ពីទីក្រុងហាឡាវ៉ាន (Havana )បាននិយាយថា ប្រជាជនគុយបា និងប្រជាជនអាមេរិកទទួលបានអត្ថប្រយោជន៍ពីការចូលរួមប្រកបដោយស្ថាបនា កិច្ចសហប្រតិបត្តិការស្របច្បាប់ និងការរួមរស់ដោយសន្តិភាព។
គុយបាបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ខ្លួនក្នុងការរក្សាការសន្ទនាដោយការគោរពគ្នាទៅវិញទៅមក ដែលតម្រង់ទិសទៅរកលទ្ធផលជាក់ស្តែង ជាមួយរដ្ឋាភិបាលអាមេរិក ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក និងច្បាប់អន្តរជាតិ។សេចក្តីថ្លែងការណ៍នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បាននិយាយថា ទំនាក់ទំនងការទូតជាមួយប្រទេសគុយបាត្រូវបានរស់ឡើងវិញ ដោយកត់សម្គាល់ថារដ្ឋបាលរបស់លោកកំពុងនិយាយជាមួយ មនុស្សដ៏ថ្លៃថ្នូរ ក្នុងរដ្ឋាភិបាលគុយបា៕

