រដ្ឋមន្ត្រីកីឡាអ៊ុយក្រែនលោក Matviy Bidnyi បានប្រាប់សារព័ត៌មាននៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាថា រដ្ឋមន្ត្រីអ៊ុយក្រែននិយាយថា សហព័ន្ធកីឡាដែលអះអាងថាកីឡាគឺដាច់ដោយឡែកពីនយោបាយ មិនគួររួមបញ្ចូលជម្លោះប្រដាប់អាវុធនៅក្នុងនិយមន័យនោះទេ ព្រោះ «សង្គ្រាមគឺជាឧក្រិដ្ឋកម្ម ពុំមែនជានយោបាយទេ» ។
វាជិតឈានដល់រយៈពេលបួនឆ្នាំហើយចាប់តាំងពីលោក Vladimir Putin បានចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បន្ទាប់ពីព្រឹត្តិការណ៍កីឡារដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២។

សកម្មភាពយោធា បាននាំឱ្យមានការដាក់បម្រាមយ៉ាងទូលំទូលាយលើអត្តពលិករុស្ស៊ី។ ទោះជាយ៉ាងណាជនជាតិរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ក្នុងនាមជាអត្តពលិកអព្យាក្រឹត ហើយគណៈប្រតិភូមួយក្រុមតូចនឹងមានវត្តមានក្នុងទម្រង់ដូចគ្នានេះ នៅក្នុងព្រឹត្តិការណ៍កីឡា Milan-Cortina ដែលនឹងបើកនៅថ្ងៃសុក្រ។

លោក Bidnyi ដែលបាននិយាយថា អ៊ុយក្រែននឹងត្រូវបានតំណាងដោយក្រុមមួយមាន៤៦នាក់ បាននិយាយថា មិនថាក្នុងកាលៈទេសៈណាក៏ដោយ អត្តពលិកណាម្នាក់មកពីប្រទេសរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់ប្រទេសនេះគឺបេឡារុស មិនគួរឲ្យមកចូលរួមក្នុងការប្រកួតប្រជែងឡើយ។ លោកបាននិយាយក្នុងបទសម្ភាសន៍តាមសារអេឡិចត្រូនិកថា «ខ្ញុំតែងតែនិយាយដដែលៗថា សង្គ្រាមគឺជាឧក្រិដ្ឋកម្ម ពុំមែនជានយោបាយទេ»។ លោក Bidnyi បានអះអាងថា រុស្ស៊ីបានប្រើប្រាស់កីឡាដើម្បីបង្វែរការចាប់អារម្មណ៍។ «រុស្ស៊ីប្រើប្រាស់កីឡាដើម្បី «បិទបាំង ការឈ្លានពានរបស់ខ្លួន» និង«ដើម្បីលាងសម្អាតឈាមរបស់ពលរដ្ឋអ៊ុយក្រែនចេញពីដៃរបស់ខ្លួនតាមរយៈកីឡា»។