ចៅក្រមសហព័ន្ធមួយរូបកាលពីថ្ងៃចន្ទ (២ កុម្ភៈ) បានចេញដីការារាំងរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump មិនឱ្យដកហូតការការពារផ្នែកច្បាប់ សម្រាប់ជនជាតិហៃទីជាង ៣៥០.០០០នាក់ នៅសហរដ្ឋអាមេរិក ដោយរារាំងការនិរទេសដែលអាចកើតមានលើអ្នកទាំងនោះ ទៅកាន់ប្រទេសកំណើតរបស់ខ្លួនដែលរងការបំផ្លិចបំផ្លាញដោយអំពើហិង្សារបស់ក្រុមជនអន្ធពាល។

លោកស្រី Ana Reyes ចៅក្រមអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានរារាំងកិច្ចប្រឹងប្រែងរបស់ក្រសួងសន្តិសុខមាតុភូមិ ក្នុងការបញ្ចប់ «ស្ថានភាពការពារបណ្ដោះអាសន្ន» របស់ហៃទី។ ដើមឡើយ ចំណាត់ការបញ្ចប់ស្ថានភាពការពារផ្លូវច្បាប់នេះ គ្រោងចូលជាធរមាននៅថ្ងៃពុធ ទី៤ ខែកុម្ភៈ សប្ដាហ៍នេះ ហើយអាចនឹងនិរទេសជនជាតិហៃទីទាំងនោះទៅប្រទេសកំណើតរបស់ពួកគេវិញ។
លោកស្រី Reyes បានចេញដីការារាំង ដោយនិយាយនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem ទំនងជាបានរំលោភលើនីតិវិធីដែលតម្រូវឱ្យបញ្ចប់ស្ថានភាពការពារផ្លូវច្បាប់ ដែលត្រូវបានផ្ដល់ឱ្យជនអន្តោប្រវេសន៍ហៃទីនៅសហរដ្ឋអាមេរិក ក៏ដូចជាការធានានៃវិសោធនកម្មទីប្រាំនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក នៃការការពារស្មើភាពគ្នានៅក្រោមច្បាប់។
គួរឱ្យដឹងថា អាមេរិក បានផ្ដល់ស្ថានភាពការពារបណ្ដោះអាសន្ននេះដល់ជនជាតិហៃទី ជាលើកដំបូងក្នុងឆ្នាំ២០១០ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយកម្រិត ៧,០រ៉ិចទ័រ បានវាយប្រហារប្រទេសនោះ។ ក្រសួងសន្តិសុខមាតុភូមិ បានចាត់វិធានការបញ្ចប់ស្ថានភាពការពារនេះ សម្រាប់រាប់សិបប្រទេស ជាផ្នែកមួយនៃការបង្ក្រាបលើអន្តោប្រវេសន៍ ដោយនិយាយថា ស្ថានភាពការពារបណ្ដោះអាសន្ន តែងតែមានន័យថា «បណ្តោះអាសន្ន» តែប៉ុណ្ណោះ មិនមែនជា «កម្មវិធីលើកលែងជាក់ស្តែង» នោះទេ៕

