ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបង្ហោះសារនៅលើបណ្ដាញសង្គម X នាថ្ងៃអង្គារ (៣ កុម្ភៈ) នេះថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិក គួរតែបន្តដើម្បីធានាផលប្រយោជន៍ជាតិ ដរាបណា «ការគំរាមកំហែង និងការរំពឹងទុកមិនសមហេតុផល» ត្រូវបានជៀសវាង នៅក្នុងសញ្ញាមួយដែលបង្ហាញពីបំណងបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Pezeshkian បាននិយាយថា «ដោយពិចារណាដល់ការទាមទារពីបណ្ដាប្រទេសជាមិត្តក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិកសម្រាប់កិច្ចចរចា លោកបានណែនាំរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ឱ្យរៀបចំសម្រាប់កិច្ចចរចាដោយស្មើភាព និងយុត្តិធម៌ ប្រសិនបើបរិយាកាសដែលគ្មានការគំរាមកំហែង និងការរំពឹងទុកមិនសមហេតុផល អាចកើតឡើង»។

កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មេដឹកនាំអ៊ីរ៉ង់រូបនេះ បានបញ្ជាឱ្យចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធីបតីអាមេរិក លោក Donald Trump បានលើកឡើងថា លោកក៏មានក្តីសង្ឃឹមចំពោះកិច្ចព្រមព្រៀងមួយដើម្បីបញ្ចៀសសកម្មភាពយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់។
ខណៈដែលកំពុងដាក់សម្ពាធយ៉ាងខ្លាំងក្លាលើអ៊ីរ៉ង់ លោក Trump ក៏លើកឡើងម្ដងហើយម្ដងទៀតថា លោកសង្ឃឹមថានឹងកិច្ចព្រមព្រៀងមួយ ហើយទីក្រុងតេអេរ៉ង់ក៏ទទូចផងដែរថា ខ្លួនចង់បានផ្លូវការទូត ប៉ុន្តែក៏ប្ដេជ្ញាឆ្លើយតបដោយមិនបន្ធូរដៃចំពោះចំណាត់ការយោធាណាមួយ។ ជាមួយគ្នានេះ បណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា បានជំរុញឱ្យមានកិច្ចពិភាក្សាការទូតដើម្បីបន្ធូរបន្ថយភាពតានតឹង៕