លោក Ali Shamkhani ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្រាប់សារព័ត៌មាន Al Mayadeenថា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ អ៊ីស្រាអែលនឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់ការសងសឹក ពីព្រោះពួកគេ គឺតែមួយ»។

លោក Shamkhani បាននិយាយនៅពេលសួរអំពីការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកថា៖«អ៊ីស្រាអែល និងសហរដ្ឋអាមេរិក មិនមែនជាអង្គភាពពីរដាច់ដោយឡែកពីគ្នាទេ ពួកគេ គឺតែមួយ» ។ ជាការពិតណាស់ «ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារ នោះអ៊ីស្រាអែលនឹងចូលរួម ហើយការឆ្លើយតបរបស់យើងត្រូវតែសមាមាត្រ» ដោយបន្ថែមថា ទំហំគឺ«អាស្រ័យលើសកម្មភាព និងជំហានរបស់ពួកគេ»។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី ២៦ ខែមករាថា «កងនាវាដែលមានកម្លាំងដ៏លើសលប់ » កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។ លោកបានសម្តែងក្តីសង្ឃឹមថា ទីក្រុងតេអេរ៉ង់ នឹងវិលត្រឡប់មកតុចរចាវិញ ហើយសម្រេចបានកិច្ចព្រមព្រៀង «ដោយយុត្តិធម៌ និងស្មើភាពគ្នា» ដែលបញ្ជាក់ពីការលះបង់អាវុធនុយក្លេអ៊ែរទាំងស្រុង។ មេដឹកនាំអាមេរិករូបនេះបានរំលឹកថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ នៅក្នុងសាធារណរដ្ឋឥស្លាមកាលពីខែមិថុនាកន្លងទៅ ក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថា ការវាយលុកពាក់កណ្តាលអធ្រាត្រ ( Midnight Hammer)។ លោកបានព្រមានថា៖«ការវាយប្រហារលើកក្រោយ នឹងកាន់តែអាក្រក់ឡើងៗ» ដោយជំរុញកុំឲ្យ«រឿងនោះ កើតឡើងម្តងទៀត»៕
