ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានរិះគន់រដ្ឋបាលខេត្តបាលី ជុំវិញបញ្ហាកាកសំណល់កាន់តែអាក្រក់ទៅនៅលើកោះ ដោយរូបលោកព្រមានថា វាអាចនឹងធ្វើឲ្យអន្តរាយដល់វិស័យទេសចរណ៍ប្រទេសមួយនេះ និងធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះសកលលោករបស់ខ្លួន ។

លោក Prabowo និយាយថា លោកទទួលបានការត្អូញត្អែរពីឥស្សរជនបរទេសមួយចំនួនដែលបានធ្វើដំណើរទៅកម្សានលេងកោះបាលីកាលពីពេលថ្មីៗនេះ ហើយពួកគេមានការខកចិត្តជាខ្លាំងចំពោះការសម្អាតរបស់កោះមួយនេះ ។
លោកបន្តថា លោកមានជំនួបនៅកូរ៉េខាងត្បូងជាមួយរដ្ឋមន្រ្តីមួយចំនួន ឧត្តមសេនីយ៍មួយ ហើយពួកគេនិយាយប្រាប់លោកថា កោះបាលីគគ្រិចខ្លាំងណាស់ឥលូវនេះ វាមិនស្អាតទាល់តែសោះ ។
លោកថា លោកទទួលយកការរិះគន់នេះ វាគឺជាអ្វីមួយដែលពួកយើងត្រូវតែលើកឡើងឥឡូវនេះ ។ លោកបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំសម្របសម្រួលជាតិនៃរដ្ឋាភិបាលកណ្តាល និងក្នុងតំបន់ ស្ថិតនៅទីក្រុង Bogor ខេត្តជ្វាខាងលិច ។
លោកនិយាយបញ្ជាក់ថា វិស័យទេសចរណ៍ ស្ថិតក្នុងចំណោមវិស័យងាយស្រួលបំផុត ក្នុងការអភិវឌ្ឍ ហើយនិងមានសមត្ថភាពធំ ក្នងការស្រូបយកកម្លាំងពលកម្ម ប៉ុន្តែបច្ចុប្បន្នសក្តានុពលរបស់វា ត្រូវបានរារាំងដោយបញ្ហាសម្អាតកាកសំណល់ ។
លោក Prabowoនិយាយទៀតថា ឥណ្ឌូនេស៊ីស្រស់ស្អាត ។ មនុស្សចង់មក ប៉ុន្តែពួកគេឃើញតំបន់អនាធិបតេយ្យ ។ ពួកគេចង់ធ្វើដំណើរទៅកាន់កោះបាលី ប៉ុន្តែតំបន់ឆ្នេរគគ្រិចខ្លាំងណាស់ ៕
