អេមីរ៉ាតអារ៉ាប់រួម ដែលជាប្រទេសមួយដ៏មានឥទ្ធិពលក្នុងតំបន់ នៅថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានជំរុញឲ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងឈានដល់ដំណោះស្រាយរយៈពេលវែង ចំពោះភាពតានតឹង មុនពេលការចាប់ផ្ដើមឡើងវិញនូវការចរចា រវាងគូអរិទាំង២ និងបណ្ដារដ្ឋក្នុងតំបន់ ដោយសង្កត់ធ្ងន់ថា មជ្ឈិមបូព៌ាមិនត្រូវការផ្ទុះសង្គ្រាមមួយផ្សេងទៀតទេ។

កាលពីថ្ងៃចន្ទ មន្ត្រីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន Reuters ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងចាប់ផ្ដើមការចរចានុយក្លេអ៊ែរ នៅថ្ងៃសុក្រ ក្នុងប្រទេសទួរគី។ លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានថា ដោយនាវាចម្បាំងធំៗរបស់សហរដ្ឋអាមេរិក កំពុងធ្វើដំណើរទៅកាន់អ៊ីរ៉ង់ «រឿងអាក្រក់» ទំនងជានឹងកើតឡើង ប្រសិនបើកិច្ចព្រមព្រៀងមួយមិនអាចសម្រេចបានទេនោះ។
អារ៉ាប់រួម ដែលជាមហាអំណាចអារ៉ាប់ឈូងសមុទ្រដ៏មានឥទ្ធិពល និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ដំណោះស្រាយរយៈពេលវែង គឺត្រូវការជាចាំបាច់។ នៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក ក្នុងទីក្រុង Dubai ទីប្រឹក្សាប្រធានាធិបតីអារ៉ាប់រួម លោក Anwar Gargash បានប្រាប់ថា៖ «ខ្ញុំគិតថា តំបន់នេះបានឆ្លងកាត់ការប្រឈមមុខដាក់គ្នាដ៏មហន្តរាយជាច្រើនហើយ។ ខ្ញុំមិនគិតថា យើងត្រូវការជម្លោះមួយផ្សេងទៀតទេ ប៉ុន្តែខ្ញុំចង់ឃើញការចរចាដោយផ្ទាល់ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលនាំឲ្យមានការយោគយល់គ្នា ដើម្បីកុំឲ្យយើងមានបញ្ហាទាំងនេះជារៀងរាល់ថ្ងៃផ្សេងទៀត»។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នឹងជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ជាកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យការទូតរស់ឡើងវិញ ជុំវិញជម្លោះដ៏យូរអង្វែង អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបំបាត់ការភ័យខ្លាច អំពីការមានសង្គ្រាមក្នុងតំបន់ថ្មី។ អ្នកការទូតក្នុងតំបន់ម្នាក់ បានបង្ហើបឲ្យដឹងថា តំណាងមកពីប្រទេសផ្សេងទៀត ដូចជាអារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប ក៏នឹងចូលរួមផងដែរ៕

