ទីក្រុងមូស្គូនិយាយនៅថ្ងៃអង្គារនេះថា សហភាពមីយ៉ាន់ម៉ា និងសហព័ន្ធរុស្ស៊ី បានចុះហត្ថេលេខាលើកតិកាសញ្ញាកិច្ចសហប្រតិបត្តិការយោធារយៈពេល ៥ឆ្នាំ ដែលជាសម្ព័ន្ធភាពថ្មីមួយ ត្រូវបានក្រុមអ្នកវិភាគនិយាយថា វាសំខាន់ចាំបាច់ចំពោះការក្តោបក្តាប់អំណាចរបស់របបសឹក ។
យោធាមីយ៉ាន់ម៉ា បានដណ្តើមក្តោបក្តាប់អំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ ២០២១ បង្កឲ្យកើតមានសង្រ្គាមស៊ីវិល ក៏ដូចជាពឹងផ្អែកការគាំទ្រពីរុស្ស៊ី និងប្រទេសជិតខាងចិន ដើម្បីរក្សាកងកម្លាំងរបស់ខ្លួនឲ្យនៅគង់វង្ស។
ការវាយប្រហារតាមច្រកអាកាសរបស់យន្តហោះផលិតនៅរុស្ស៊ី បានធ្វើឲ្យក្រុមឧទ្ទាមនៅទ្រឹង ខណៈពួកគេមានគោលដៅញឹកញាប់ផងដែរលើជនស៊ីវិល នៅក្នុងការវាយប្រហារមួយដែលក្រុមអ្នកតាមដានជម្លោះ និយាយថា វាត្រូវបានរាប់បញ្ចូលថា ជាឧក្រិដ្ឋកម្មសង្រ្គាម ។
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS រាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីប្រកាសកិច្ចព្រមព្រៀងថ្មីមានរយៈពេលរហូតដល់ឆ្នាំ ២០៣០ ក្រោយដំណើរទស្សនកិច្ចកាលពីថ្ងៃចន្ទមកកាន់មីយ៉ាន់ម៉ា ដោយមន្រ្តីសន្តិសុខជាន់ខ្ពស់របស់វិមានក្រឹមឡាំង គឺលោក Sergei Shoigu ។
ខណៈពេលនោះដែរ នៅថ្ងៃអង្គារនេះ សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា បានបញ្ជាក់ផងដែរពីកិច្ចព្រមព្រៀងនេះ ដើម្បីធ្វើឲ្យល្អប្រសើរឡើងកិច្ចសហប្រតិបត្តិការការពារជាតិ ប៉ុន្តែដូចគ្នានឹងសមភាគីរុស្ស៊ីដែរ ពួកគេផ្តល់រឿងរ៉ាវលម្អិតតិចតួចប៉ុណ្ណោះ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ៕