ជនអន្តោប្រវេសន៍យ៉ាងហោចណាស់ចំនួន ១៤ នាក់បានស្លាប់ បន្ទាប់ពីទូកល្បឿនលឿនមួយគ្រឿងដែលដឹកពួកគេបានបុកជាមួយនាវាឆ្មាំល្បាតឆ្នេររបស់ប្រទេសក្រិកនៅឯឆ្នេរសមុទ្រនៃកោះ Chios កាលពីយប់ថ្ងៃអង្គារ៣កុម្ភៈសប្ដាហ៍នេះ។

ក្រុមអាជ្ញាធរក្រិកបាននិយាយថា ទូកល្បឿនលឿនកំពុងធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ ហើយការដេញតាមកំពុងធ្វើឡើងនៅពេលមានហេតុការណ៍បុកគ្នានៅច្រកសមុទ្រ Chios ជិតភូមិ Vrontades។
មនុស្សចំនួន ២៤ នាក់ត្រូវបានជួយសង្គ្រោះ ដែលខ្លះរងរបួសធ្ងន់ធ្ងរ និងអ្នកផ្សេងទៀតត្រូវបានគេរាយការណ៍ថានៅតែបាត់ខ្លួន។

ឆ្មាំល្បាតឆ្នេរពុំទាន់បានបញ្ជាក់អំពីស្ថានភាពពិតប្រាកដជុំវិញការបុកគ្នានេះនៅឡើយទេ។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តនៅយប់ថ្ងៃអង្គារ ដែលមានការចូលរួមពីនាវាឆ្មាំល្បាតឆ្នេរចំនួន ៤ គ្រឿង ទូកឯកជនមួយ ដែលដឹកអ្នកមុជទឹកស៊ីវិល និងឧទ្ធម្ភាគចក្រមួយគ្រឿង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្រិក ERT បាននិយាយថា អ្នករងរបួសរួមមានកុមារចំនួន ៧ នាក់ ស្ត្រីមានផ្ទៃពោះម្នាក់ និងមន្ត្រីឆ្មាំល្បាតឆ្នេរពីរនាក់។

ការស្លាប់ចំនួន ៤ នាក់ត្រូវបានរាយការណ៍ដំបូង ប៉ុន្តែក្រោយមកការចេញផ្សាយនៅម៉ោង ២៣:០០នាទី ម៉ោងក្នុងស្រុក បាននិយាយថា សាកសពបន្ថែមចំនួន ១០ នាក់ ត្រូវបានរកឃើញ ដោយនាំឱ្យចំនួនអ្នកស្លាប់ដែលបានបញ្ជាក់កើនដល់ ១៤ នាក់៕