ទីក្រុងគីវបាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈថា រុស្ស៊ីបានបើកការវាយប្រហារ «ខ្លាំងក្លាបំផុត» នៅឆ្នាំនេះទៅលើរោងចក្រថាមពលដែលរងការខូចខាតរបស់អ៊ុយក្រែនកាលពីពេលយប់ ដោយបណ្តាលឲ្យមនុស្សរាប់សែននាក់គ្មានថាមពលកម្តៅក្នុងពេលមានសីតុណ្ហភាពត្រជាក់ខ្លាំងមុនពេលការចរចាដើម្បីបញ្ចប់សង្គ្រាមរយៈពេលបួនឆ្នាំមកនេះ។

ការវាយប្រហាររបស់រុស្ស៊ី បានធ្វើឡើងខណៈសីតុណ្ហភាពបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីការចាប់ផ្តើមសង្គ្រាមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយបានសម្លាប់ក្មេងជំទង់ពីរនាក់នៅក្នុងទីក្រុង Zaporizhzhia ភាគខាងត្បូង និងបានបំផ្លាញវិមានរំលឹកសង្គ្រាមលោកលើកទី២ សម័យសូវៀត។

ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃមុនពេលអ្នកចរចាអ៊ុយក្រែន និងរុស្ស៊ីត្រូវជួបគ្នាសម្រាប់ជុំទីពីរនៃការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្លែងដោយថ្កោលទោសការវាយប្រហារនេះថា «ការទាញយកប្រយោជន៍ពីថ្ងៃត្រជាក់ខ្លាំងបំផុតនៃរដូវរងាដើម្បីធ្វើឲ្យប្រជាជនភ័យខ្លាចគឺសំខាន់សម្រាប់រុស្ស៊ីជាជាងការងាកទៅរកផ្នែកការទូត»។
លោកនិយាយថា រុស្ស៊ី«ជាថ្មីម្តងទៀតមិនបានអើពើទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីអាមេរិកទេ»។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យលោក Vladimir Putin «បញ្ចប់សង្គ្រាម» ដោយលើកឡើងថា លោកចង់ឲ្យសមភាគីរុស្ស៊ីរបស់លោក ផ្អាកការវាយប្រហារមួយរយៈខ្លី ដោយសារតែសីតុណ្ហភាពត្រជាក់ខ្លាំង។