នាយករដ្ឋមន្ត្រី លោក Pedro Sanchez បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ថា ប្រទេសអេស្ប៉ាញនឹងស្វែងរកបម្រាមដាក់លើបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់អ្នកមានអាយុក្រោម១៦ឆ្នាំ ដើម្បីការពារពួកគេពីមាតិកាដែលបង្កផលប៉ះពាល់ដូចជារូបភាពអាសអាភាសនិងអំពើហិង្សា ដោយធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីម្ចាស់ក្រុមហ៊ុន X លោក Elon Musk។

លោក Sanchez បាននិយាយក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងឌូបៃ ថា «វេទិកានានា នឹងត្រូវបានទាមទារឱ្យអនុវត្តប្រព័ន្ធផ្ទៀងផ្ទាត់អាយុដោយប្រសិទ្ធភាព មិនត្រឹមតែប្រអប់ត្រួតពិនិត្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧបសគ្គពិតប្រាកដនានាដែលដំណើរការផងដែរ»។

«បច្ចុប្បន្ន កូនៗរបស់យើងបានរងផលប៉ះពាល់នៅនឹងកន្លែងដូចជាការញៀន ការរំលោភបំពាន ការមើលឃើញរូបភាពអាសអាភាស ការកេងប្រវ័ញ្ច និងអំពើហិង្សា។ យើងនឹងលែងទទួលយករឿងបែបនេះទៀតហើយ»។ មេដឹកនាំសង្គមនិយមរូបនេះ ក៏បានសន្យាថានឹងផ្លាស់ប្តូរច្បាប់របស់អេស្ប៉ាញ ដើម្បីធ្វើឱ្យនាយកប្រតិបត្តិនៃវេទិកាបច្ចេកវិទ្យា «ប្រឈមនឹងការទទួលខុសត្រូវបទព្រហ្មទណ្ឌចំពោះការមិនបានលុបចោលមាតិកាខុសច្បាប់ ឬភាពស្អប់ខ្ពើម»។
លោក Musk នៅក្នុងការបង្ហោះសារនៅលើបណ្តាញ X បានហៅនាយករដ្ឋមន្ត្រីថា «លោក Sanchez ដ៏អាក្រក់» ជា «ជនផ្តាច់ការ និងជាជនក្បត់ជាតិចំពោះប្រជាជនអេស្ប៉ាញ»។ នៅក្នុងការបង្ហោះមួយផ្សេងទៀត លោក Musk បានហៅលោក Sanchez ថា «ជាជនផ្តាច់ការហ្វាស៊ីសពិតប្រាកដ»។
លោក Sanchez បានលើកឡើងពីការហាមឃាត់បណ្តាញផ្សព្វផ្សាយសង្គមសម្រាប់អ្នកដែលមានអាយុក្រោម១៦ឆ្នាំកាលពីខែវិច្ឆិកា ប៉ុន្តែបាននិយាយលម្អិតបន្ថែមកាលពីថ្ងៃអង្គារនៅក្នុងកញ្ចប់វិធានការចំនួនប្រាំដែលនឹងត្រូវអនុម័ត ដោយ«ចាប់ផ្តើមនៅសប្តាហ៍ក្រោយ»។ ទោះជាយ៉ាងណា រដ្ឋាភិបាលចម្រុះរបស់លោកខ្វះសំឡេងភាគច្រើននៅក្នុងសភា ហើយជារឿយៗពិបាកក្នុងការអនុម័តច្បាប់។