ប្រទេសអ៊ីស្រាអែលកំពុងជំរុញសហរដ្ឋអាមេរិកឲ្យវាយប្រហារអ៊ីរ៉ង់ ទោះបីជាលោកប្រធានាធិបតី Donald Trump នៅរារែក ពាក់ព័ន្ធនឹងការវាយប្រហារបន្ថែមទៀត ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ក៏ដោយ។ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានដកស្រង់សម្តីរបស់មន្ត្រីអាមេរិកម្នាក់។
មន្ត្រីអ៊ីស្រាអែលជាច្រើនរូប រួមទាំងនាយសេនាធិការកងកម្លាំងការពារជាតិ លោកឧត្តមសេនីយ៍ Eyal Zamir និងនាយកទីភ្នាក់ងារ Mossad លោក David Barnea បានទៅទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលសហរដ្ឋអាមេរិក កំពុងបង្កើនកងកម្លាំងរបស់ខ្លួន នៅក្នុងតំបន់នេះ។

លោក Trump បានព្រមានកាលពីថ្ងៃចន្ទថា «រឿងអាក្រក់ប្រហែលជាអាចនឹងកើតឡើង» ចំពោះអ៊ីរ៉ង់ ប្រសិនបើការចរចានុយក្លេអ៊ែរជាមួយសាធារណរដ្ឋឥស្លាមមិនទទួលបានជោគជ័យទេនោះ។ បើយោងតាមរបាយការណ៍ជាច្រើន បានឲ្យដឹងថា លោក Zamir បានរាយការណ៍ទៅនាយសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Dan Caine អំពីផែនការសង្គ្រាមរបស់អ៊ីស្រាអែល កាលពីចុងសប្តាហ៍កន្លងមក។
ដោយសំដៅទៅលើលោក Caine និងលោក Trump មន្ត្រីអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Axios ថា៖ «វាមិនមានអ្វីខុសឡើយ ក្នុងការនិយាយថា គ្មានអ្វី នៅកិច្ចប្រជុំនោះ ផ្លាស់ប្តូរគំនិតរបស់លោក ឬប្រធានាធិបតីឡើយ ពាក់ព័ន្ធនឹងការវាយប្រហារលើអ៊ីរ៉ង់។ អ៊ីស្រាអែលពិតជាចង់ឲ្យមានការវាយប្រហារ។ តែលោកប្រធានាធិបតីនៅរារែក»។ ហើយមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទៀត បានប្រាប់សារព័ត៌មាន Axios ដែរថា ប្រធានាធិបតីអាមេរិក «ពិតជាមិនចង់ធ្វើឡើយ»។
គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០២៥ អ៊ីស្រាអែល ដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន បានបើកការវាយប្រហាររយៈពេល ១២ថ្ងៃលើអ៊ីរ៉ង់ ដោយបានកំណត់គោលដៅលើទីតាំងយោធា និងនុយក្លេអ៊ែរ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រជាច្រើនរូប៕
