រដ្ឋមន្ត្រីក្រសួងការពារជាតិលោក David McGuinty បាននិយាយថា កាណាដា មិនមានគម្រោងទិញអាវុធនុយក្លេអ៊ែរទេ។
សារព័ត៌មាន The Globe and Mail បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«ប្រទេសកាណាដាពិតជាមិនមានបំណងចង់ទិញអាវុធនុយក្លេអ៊ែរនោះទេ»។
យោងតាមលោក McGuinty រដ្ឋាភិបាលកាណាដាប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញាអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ចូលនិវត្តន៍ Wayne Eyre ដែលបានបម្រើការជានាយសេនាធិការ ការពារជាតិ (CDS) របស់ប្រទេសកាណាដា ក្នុងឆ្នាំ ២០២១-២០២៤ បាននិយាយនៅក្នុងសន្និសីទសន្តិសុខមួយ នៅទីក្រុងអូតាវ៉ា ( Ottawa) កាលពីថ្ងៃអង្គារថា ប្រទេសនេះ គួរតែរក្សាជម្រើសរបស់ខ្លួនឲ្យបើកចំហលើបញ្ហានៃការទិញអាវុធនុយក្លេអ៊ែរ។ លោកបានលើកឡើងថា៖«យើងមានសហគ្រាសនុយក្លេអ៊ែរល្អមួយនៅទីនេះ» ដោយបន្ថែមថា៖«ប្រសិនបើលក្ខខណ្ឌផ្លាស់ប្តូរ យើងមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ យើងមានអ្នកវិទ្យាសាស្ត្រ»។
យោងតាមកាសែត The Globe and Mail បានឲ្យដឹងថា «វានឹងក្លាយជាការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ ប្រសិនបើប្រទេសកាណាដាទិញអាវុធនុយក្លេអ៊ែរ ដែលធ្វើឲ្យគោលនយោបាយជាង ៥០ ឆ្នាំរបស់ទីក្រុងអូតាវ៉ា ក្នុងការតស៊ូមតិ ដើម្បីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងការរំសាយអាវុធនុយក្លេអ៊ែរ»។ កាសែតនេះ បានកត់សម្គាល់ថា ប្រទេសកាណាដាបានចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ ១៩៦៨ និងបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ក្នុងឆ្នាំ ១៩៦៩៕
