រដ្ឋអាជ្ញាបារាំង កាលពីថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) បានស្នើសុំឲ្យមានបម្រាមរយៈពេល ៥ឆ្នាំលើការឈរឈ្មោះជាបេក្ខជន សម្រាប់មុខតំណែងសាធារណៈ ចំពោះមេដឹកនាំស្តាំនិយមជ្រុល Marine Le Pen នៅក្នុងសវនាការបណ្ដឹងឧទ្ធរណ៍របស់លោកស្រី ជុំវិញការប្រើប្រាស់មូលនិធិសហភាពអឺរ៉ុប (EU) មិនត្រឹមត្រូវ ប៉ុន្តែបានបញ្ជាក់ថា ករណីនេះមិនគួរត្រូវបានអនុវត្តភ្លាមៗនោះទេ។
ការណ៍នេះធ្វើឲ្យបញ្ហា ពាក់ព័ន្ធនឹងបេក្ខភាពប្រធានាធិបតីឆ្នាំ២០២៧ របស់លោកស្រី Le Pen កាន់តែមានភាពមិនច្បាស់លាស់ខ្លាំងឡើងៗ ប្រសិនបើតុលាការឧទ្ធរណ៍ នៅពេលដែលចេញសេចក្តីសម្រេចរបស់ខ្លួន នៅប៉ុន្មានខែខាងមុខនោះ ធ្វើតាមសំណើរបស់រដ្ឋអាជ្ញា។ ស្ថាប័ននេះមិនមានកាតព្វកិច្ចធ្វើដូច្នេះឡើយ។
សេចក្តីសម្រេចដំបូង កាលពីខែមីនាឆ្នាំមុន គឺជាការប៉ះពាល់ដ៏ធំមួយ សម្រាប់លោកស្រី Le Pen ដោយសារការសម្រេចនោះបានហាមឃាត់លោកស្រីមិនឲ្យឈរឈ្មោះជាបេក្ខជនរយៈពេល ៥ឆ្នាំ ដែលចូលជាធរមានភ្លាមៗ។ ក្នុងសេចក្តីសម្រេចនោះ តុលាការបានបញ្ជាក់ថា លោកស្រី Le Pen គឺជាបុគ្គល «ដ៏សំខាន់» នៃគម្រោងមួយ ដើម្បីយកដោយមិនត្រឹមត្រូវនូវថវិកាជាង ៤លានអឺរ៉ូ និងប្រើប្រាស់វា ដើម្បីបង់ប្រាក់ឲ្យទៅបុគ្គលិករបស់គណបក្សស្តាំនិយមជ្រុល នៅឯប្រទេសបារាំង។

រដ្ឋអាជ្ញាបានអះអាងនៅថ្ងៃអង្គារថា លោកស្រី Le Pen មានទោស ដោយជំរុញឲ្យតុលាការឧទ្ធរណ៍សម្រេចតាមនោះ និងកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ដែលក្នុងនោះ ៣ឆ្នាំនឹងត្រូវព្យួរ ហើយ ១ឆ្នាំ នឹងត្រូវអនុវត្តជាប់ឃុំនៅក្នុងផ្ទះ ដោយមានខ្សែឧបករណ៍អេឡិចត្រូនិក។
រដ្ឋអាជ្ញាបានបន្ថែមថា សមាជិកគណបក្ស National Rally (RN) និងឥស្សរជនផ្សេងទៀត ក៏មានទោសពីបទបង្វែរមូលនិធិ EU នេះផងដែរ។ លោកស្រី Le Pen បានប្រាប់តុលាការឧទ្ធរណ៍ថា លោកស្រីមិនមានអារម្មណ៍ថា បានធ្វើអ្វីខុសឡើយ។
តែយ៉ាងណាក្ដី ផ្ទុយពីសេចក្តីសម្រេចដំបូង រដ្ឋអាជ្ញាមិនបានស្នើនៅថ្ងៃអង្គារនោះថា ការកាត់ទោសណាមួយ ត្រូវបានអនុវត្តភ្លាមៗនោះឡើយ មុនពេលមានការប្តឹងឧទ្ធរណ៍បន្ថែមទៀត។ ប្រសិនបើតុលាការអនុវត្តតាមអនុសាសន៍របស់រដ្ឋអាជ្ញា ហើយលោកស្រី Le Pen យកបណ្តឹងឧទ្ធរណ៍របស់លោកស្រីឡើងទៅតុលាការកំពូលរបស់ប្រទេសបារាំង គឺតុលាការ Cour de Cassation លោកស្រីអាចសម្រេចឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីខាងមុខ។ តុលាការកំពូលបានឲ្យដឹងថា ស្ថាប័ននឹងព្យាយាមសម្រេចលើបណ្តឹងឧទ្ធរណ៍ណាមួយ មុនពេលបោះឆ្នោត៕
