ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយថា ទីក្រុងអង់ការ៉ា ត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរតួជាអ្នកសម្របសម្រួលក្នុងការដោះស្រាយជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយនឹងបន្តទំនាក់ទំនងដែលពាក់ព័ន្ធ។
លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Saudi Asharq al-Awsat ថា៖«សូមឲ្យខ្ញុំធានាចំពោះអ្នកថា យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហា។ យើងនឹងបន្តទំនាក់ទំនងរបស់យើងនៅលើផ្លូវនេះ។

លោកបានសង្កត់ធ្ងន់ថា៖«យើងបានចេញមកប្រឆាំងនឹងជំហានយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ នៅលើគ្រប់វេទិកាទាំងអស់»។
ដោយលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត លោក អឺដូហ្កាន់ បានកត់សម្គាល់ថា ទួរគីសម្របសម្រួលសកម្មភាពរបស់ខ្លួនជាមួយដៃគូរបស់ខ្លួននៅក្នុងតំបន់។ លោកបានពន្យល់ថា៖«យើងបន្តទំនាក់ទំនងជាមួយប្រទេសជាមិត្ត រួមទាំងអារ៉ាប៊ីសាអ៊ូឌីត និងប៉ាគីស្ថាន។ យើងមិនចូលទៅជិតបញ្ហានេះដោយផ្នត់គំនិតប្លុក ឬសម្ព័ន្ធភាពទេ»។
នៅថ្ងៃអង្គារ លោក អឺដូហ្កាន បានមកដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ។ លោកនឹងធ្វើការពិភាក្សាជាមួយព្រះអង្គម្ចាស់រាជទាយាទ និងជានាយករដ្ឋមន្ត្រី Mohammed bin Salman Al-Saud។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក នៅក្នុងតំបន់ មេដឹកនាំទួរគីរូបនេះ ក៏មានគម្រោងទៅទស្សនាប្រទេសអេហ្ស៊ីបផងដែរ៕
