មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk កាលពីថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) បានពិពណ៌នាថា ជា «ការវាយប្រហារផ្នែកនយោបាយ» ពាក់ព័ន្ធនឹងការឆែកឆេរដែលធ្វើឡើងដោយអាជ្ញាធរបារាំង នៅឯការិយាល័យវេទិកាបណ្ដាញសង្គម X របស់លោក ក្នុងទីក្រុងប៉ារីស។

លោក Musk បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍មួយពីកិច្ចការរដ្ឋាភិបាលសកលរបស់បណ្ដាញសង្គម X ដែលបានលើកឡើងថា ការឆែកឆេររកនេះ ត្រូវបានអនុវត្ត «ទាក់ទងនឹងការស៊ើបអង្កេតព្រហ្មទណ្ឌដែលមាននិន្នាការនយោបាយ ពាក់ព័ន្ធនឹងការសង្ស័យលើប្រតិបត្តិការក្បួនដោះស្រាយ (Algorithm) និងការទាញយកទិន្នន័យដោយខុសច្បាប់»។ សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា «យើងមានការខកចិត្ត ចំពោះការវិវត្តនេះ ប៉ុន្តែយើងមិនភ្ញាក់ផ្អើលនោះឡើយ»។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងប៉ារីស «កំពុងព្យាយាមដាក់សម្ពាធយ៉ាងច្បាស់ណាស់» លើការគ្រប់គ្រងជាន់ខ្ពស់របស់បណ្ដាញសង្គម X នៅសហរដ្ឋអាមេរិក ដោយ «កំណត់គោលដៅលើអង្គភាព និងបុគ្គលិករបស់យើង នៅបារាំង ដែលមិនមែនជាចំណុចផ្ដោតសំខាន់នៃការស៊ើបអង្កេតនេះឡើយ»។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃនោះ អង្គភាពឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋអាជ្ញាទីក្រុងប៉ារីស បានប្រកាសថា ខ្លួនបានចូលទៅឆែកឆេរ នៅការិយាល័យរបស់បណ្ដាញសង្គម X នៅប្រទេសបារាំង ជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងដំណើរការ។ ការស៊ើបអង្កេតនេះ ដែលបានបើកនៅក្នុងខែមករា ឆ្នាំ២០២៥ ផ្តោតលើប្រតិបត្តិការក្បួនដោះស្រាយរបស់វេទិកានេះ៕
