សម្តេច ប៉ាប លេអូ (Pope Leo) នៅថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានជំរុញឲ្យមេដឹកនាំ នៅរុស្ស៊ី និងសហរដ្ឋអាមេរិក បន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយរបស់ប្រទេសទាំង២ គឺសន្ធិសញ្ញា New START ជាកិច្ចព្រមព្រៀងកំណត់ចំនួនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលដាក់ពង្រាយដោយប្រទេសនីមួយៗ។
ក្នុងអំឡុងពេលជួបជាមួយបរិស័ទប្រចាំសប្តាហ៍នៅបុរីវ៉ាទីកង់ សម្ដេច លេអូ ដែលជាសម្តេចប៉ាបជនជាតិអាមេរិកទី១ បានមានព្រះបន្ទូលថា ស្ថានភាពពិភពលោកបច្ចុប្បន្ន «អំពាវនាវឲ្យធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសការប្រណាំងប្រជែងអាវុធជាថ្មី»។

សន្ធិសញ្ញានេះ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១០ ត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍។ កាលពីខែកញ្ញាឆ្នាំមុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងថា សន្ធិសញ្ញានេះអាចត្រូវបានបន្តក្រៅផ្លូវការរយៈពេល ១ឆ្នាំទៀត ប៉ុន្តែគិតត្រឹមថ្ងៃពុធនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump មិនទាន់បានឆ្លើយតបនៅឡើយទេ។
សម្តេច ប៉ាប បានមានបន្ទូលបន្ថែមថា៖ «ខ្ញុំសូមចេញនូវការអំពាវនាវជាបន្ទាន់មួយ សូមកុំបណ្ដោយឲ្យសន្ធិសញ្ញានេះផុតកំណត់។ វាជារឿងបន្ទាន់ជាងពេលណាៗទាំងអស់ ដើម្បីបំបាត់ការភ័យខ្លាច និងការមិនទុកចិត្ត ដោយមានក្រមសីលធម៌រួម ដែលអាចនាំទៅដល់ជម្រើសឆ្ពោះទៅរកផលប្រយោជន៍រួម»។
ការផុតកំណត់នៃសន្ធិសញ្ញា New START នឹងជាចុងបញ្ចប់នៃការរឹតបន្តឹងដែលមានរយៈពេលជាងកន្លះសតវត្សរ៍ លើអាវុធនុយក្លេអ៊ែរ៕


