ប្រជាជន បានដើរឆ្លងកាត់ទឹកជំនន់ជម្រៅត្រឹមចង្កេះនៅក្នុងទីក្រុង Alcacer do Sal ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃពុធ ទី៤ ខែកុម្ភៈ ខណៈទន្លេ Sado បានហក់ឡើងបន្ទាប់ពីព្យុះជាបន្តបន្ទាប់ រួមទាំងព្យុះ Kristin និងព្យុះ Leo កាលពីពេលថ្មីៗនេះ។

វីដេអូបានបង្ហាញអ្នកស្រុកជាច្រើននាក់បានដើរឆ្លងកាត់ផ្លូវលិចទឹក ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានជួយអ្នកផ្សេងទៀតធ្វើដំណើរឆ្លងកាត់ទឹក។ ភោជនីយដ្ឋាននៅក្រៅទីក្រុងនៅទីទំនាបបានលិចទឹកទាំងស្រុង ដោយមានបាវខ្សាច់ដាក់គរនៅពីមុខទ្វារដើម្បីការពារលំនៅឋាន និងហាងនានា។

អភិបាលក្រុង លោក Clarisse Campos បាននិយាយថា «នៅពេលនេះ ដូចដែលអ្នកអាចមើលឃើញ តំបន់ទំនាបទាំងមូលនៅទីក្រុងត្រូវបានជន់លិច» ហើយ អាជ្ញាធរកំពុងតាមដានអ្នកស្រុកដើម្បីវាយតម្លៃពីការជម្លៀសដែលអាចកើតមាន។
អ្នកស្រុកក្នុងតំបន់ម្នាក់ បាននិយាយថា នាងមិនដែលឃើញទឹកជំនន់បែបនេះទេ។ «វាពិតជាមិនគួរឲ្យជឿសោះ។ ខ្ញុំគ្មានពាក្យអ្វីនិយាយទេ» នាងបាននិយាយ ដោយពិពណ៌នាអំពីការខូចខាតដល់លំនៅឋាន និងអាជីវកម្ម។
ប្រទេសព័រទុយហ្គាល់ បានបង្កើនកម្រិតព្រមានរបស់ខ្លួនដល់កម្រិតអតិបរមារហូតដល់យ៉ាងហោចណាស់នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ដោយអាជ្ញាធរបានព្រមានថាទន្លេច្រើនកន្លែង ប្រឈមនឹងហានិភ័យខ្ពស់នៃទឹកជំនន់។