ប្រទេសម៉ារ៉ុក កាលពីថ្ងៃពុធ (៤ កុម្ភៈ) បានជំរុញឱ្យប្រជាជនរស់នៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ នៅដែលស្ថិតតំបន់វាលទំនាបភាគពាយ័ព្យនៃប្រទេស ឱ្យចាកចេញពីទីនោះជាបន្ទាន់ ស្របពេលការគំរាមកំហែងកើនឡើងខ្លាំងនៃជំនន់ទឹកភ្លៀង ទឹកទន្លេឡើងខ្ពស់ និងទំនប់ទឹកពេញហូរហៀរ។

ក្រសួងមហាផ្ទៃម៉ារ៉ុក បាននិយាយថា ចំនួនអ្នកស្រុកដែលអាជ្ញាធរបានជម្លៀសចេញ មានលើសពី ១០០.០០០ នាក់។ ឧទ្ធម្ភាគចក្រត្រូវបានបញ្ជូនទៅប្រតិបត្តិការជួយសង្គ្រោះ ខណៈទឹកជំនន់កំពុងជន់លិចវាលស្រែ និងភូមិនានាទូទាំងភាគពាយព្យ។ កងទ័ពត្រូវបានដាក់ពង្រាយចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក ដើម្បីជួយជម្លៀសប្រជាជន ស្របពេលមានការព្រមានពណ៌ក្រហម សម្រាប់ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅសប្តាហ៍នេះ។

ភាគពាយ័ព្យនៃប្រទេសម៉ារ៉ុក ដែលគេស្គាល់ថាជាតំបន់ Gharb គឺជាតំបន់វាលទំនាបផលិតស្រូវសាលីដ៏សំខាន់មួយ ដែលមិនអាចបង្ហូរទឹកមិនល្អនោះទេដោយសារតែខ្វះជម្រាល បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់ជាច្រើនសប្តាហ៍។ ទិន្នន័យផ្លូវការបង្ហាញថា អត្រាទឹកភ្លៀងនៅម៉ារ៉ុក បានកើនឡើង ២១៥% ពីឆ្នាំមុន និងជាអត្រាខ្ពស់ជាងមធ្យមភាគប្រវត្តិសាស្ត្រ ៥៤%។
ក្រសួងមហាផ្ទៃបាននិយាយថា បទបញ្ជាជម្លៀស ត្រូវបានដាក់ចេញក្នុងតំបន់មួយចំនួននៃខេត្ត Larache រួមទាំងទីក្រុង Ksar El Kebir ទីក្រុង Souaken ទីក្រុង Ouled Ouchih និងតំបន់ក្បែរច្រាំងទន្លេផ្សេងទៀត ដើម្បីជាការប្រុងប្រយ័ត្ន ប្រឆាំងនឹងទឹកជំនន់បន្ថែមទៀត។ ការជម្លៀសភាគច្រើនកើតឡើងនៅទីក្រុង Ksar El Kebir ជាទីដែលអាជ្ញាធរបាននិយាយថា អត្រា ៨៥% នៃប្រជាជននៅទីនោះ បានចាកចេញរួចទៅហើយ៕