លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និងសមភាគីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានជជែកតាមទូរស័ព្ទឃើញរូបគ្នា (វីដេអូខល) កាលពីថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងទីក្រុងប៉េកាំង និងមូស្គូ ទំនាក់ទំនងរបស់ប្រទេសទាំង២ ជាមួយសហរដ្ឋអាមេរិក ក៏ដូចជាចំណងមិត្តភាពទ្វេភាគីផងដែរ។

ការសន្ទនានេះ បានកើតឡើងស្របពេលមានការហៅទូរស័ព្ទជាបន្តបន្ទាប់ រវាងលោក ស៊ី និងបណ្ដាមេដឹកនាំលោកខាងលិច ដែលបានស្វែងរកការជំរុញទំនាក់ទំនងជាមួយប្រទេសចិន ទោះបីជាខ្វែងគំនិតគ្នា ជុំវិញជម្លោះនៅអ៊ុយក្រែនក៏ដោយ។ ដៃគូលោកខាងលិចជិតស្និទ្ធបំផុតជាច្រើនរបស់សហរដ្ឋអាមេរិក បានស្វែងរកការពង្រឹងចំណងមិត្តភាពជាមួយចិន ដោយសារការមិនចុះសម្រុងជាមួយលោក Trump និងបង្កើតបរិយាកាសនយោបាយដ៏តានតឹងដែលបង្កឡើងដោយទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងវិញរបស់មេដឹកនាំពីគណបក្សសាធារណរដ្ឋ។
ការប៉ះទង្គិចជាមួយលោក Trump ជុំវិញបញ្ហាពន្ធគយ ការគំរាមកំហែងបញ្ចូលកោះ Greenland ជាដែនដីឧបសម្ព័ន្ធ ពីសម្ព័ន្ធមិត្តអង្គការណាតូ (NATO) គឺដាណឺម៉ាក និងការមិនបញ្ចូលអឺរ៉ុបនៅក្នុងកិច្ចប្រឹងប្រែងសន្តិភាពអ៊ុយក្រែន បាននាំឲ្យនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និងលោក Keir Starmer របស់ចក្រភពអង់គ្លេស ទៅទស្សនកិច្ចនៅចិន នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ហើយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅទីក្រុងប៉េកាំងនៅខែកុម្ភៈផងដែរ។
លោក ពូទីន បានប្រាប់ថា៖ «ស្របពេលសកលលោកមានភាពច្របូកច្របល់កាន់តែខ្លាំងឡើងៗ ទំនាក់ទំនងគោលនយោបាយការបរទេស រវាងទីក្រុងមូស្គូ និងប៉េកាំង នៅតែជាកត្តាស្ថិរភាពដ៏សំខាន់»។ តាមរយៈសុន្ទរកថាបើករបស់លោក លោក ស៊ី បានបញ្ជាក់ថា រូបលោក និងលោក ពូទីន នឹងពិភាក្សាអំពីផែនការ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និង «ផ្លាស់ប្តូរទស្សនៈ ជុំវិញបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ»។
កិច្ចសន្ទនាតាមទូរសព្ទរបស់លោក ស៊ី ជាមួយលោក ពូទីន នេះ បានកើតឡើងតែបន្តិចមុនពេលមេដឹកនាំចិន បានជជែកតាមទូរសព្ទពិភាក្សាយ៉ាងទូលំទូលាយពីបញ្ហាផ្សេងៗជាមួយលោក Trump ជាពេលដែលមេដឹកនាំទាំង២ បានលើកឡើងអំពីអ្វីៗគ្រប់យ៉ាង ចាប់ពីទំនាក់ទំនងទ្វេភាគី ទៅពាណិជ្ជកម្ម រហូតដល់ជម្លោះសកលដែលកំពុងឡើងកម្ដៅ៕
