អជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងកាលពីថ្ងៃពុធ (ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦) ថា សាកសពជនជាតិប៉ាឡេស្ទីនចំនួន ៥៤នាក់ និងប្រអប់ដាក់អដិ្ឋធាតុមនុស្ស ៦៦នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ហ្កាហ្សា បន្ទាប់ពីត្រូវបានប្រគល់ឲ្យដោយអ៊ីស្រាអែល ដោយការដឹកជញ្ជូនត្រូវបានធ្វើឡើងតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។
អាជ្ញាធរនេះបានឲ្យដឹងថា សាកសព និងអដ្ឋិធាតុទាំងនោះ បានទៅដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Al-Shifa តាមរយៈរថយន្តកាកបាទក្រហម ជាកន្លែងដែលក្រុមគ្រូពេទ្យបានចាប់ផ្តើមធ្វើកោសល្យវិច័យភ្លាមៗ តាមនីតិវិធីវេជ្ជសាស្ត្រ។
ក្រសួងបានបន្ថែមថា ការងារកំពុងត្រូវបានធ្វើឡើង ដើម្បីបញ្ចប់ដំណើរការពិនិត្យ និងកត់ត្រាដោយសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មាធិការឯកទេស មុនពេលអនុញ្ញាតឲ្យក្រុមគ្រួសារកំណត់អត្តសញ្ញាណសាកសព ក្រោមកិច្ចព្រមព្រៀងដែលបានបង្កើតឡើង។

កងទ័ពអ៊ីស្រាអែលបានបន្តរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាដំណាក់កាល ដែលបានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលាឆ្នាំមុន ទោះបីជាមានការប្រកាសរបស់សហរដ្ឋអាមេរិកនៅក្នុងខែមករាថា ដំណាក់កាលទី២ បានចាប់ផ្តើមហើយក៏ដោយ។
ដំណាក់កាលនោះរួមមានការដកទ័ពបន្ថែមរបស់អ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា និងការចាប់ផ្តើមកិច្ចប្រឹងប្រែងកសាងឡើងវិញ ដែលអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា នឹងចំណាយប្រហែល ៧០ពាន់លានដុល្លារ។
បទឈប់បាញ់នេះ បានបញ្ចប់ការវាយលុករបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣ និងមានរយៈពេល ២ឆ្នាំ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៧២.០០០នាក់ និងរបួសជាង ១៧១.០០០នាក់ ខណៈពេលដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រមាណជា ៩០ភាគរយរបស់តំបន់ហ្កាហ្សា៕
