កំពង់ចាម៖ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក សហការជាមួយមន្រ្តីក្រុងកំពង់ចាម បច្ចុប្បន្នបាននិងកំពុងចុះពិនិត្យស្ថានភាពច្រាំងបាក់ស្រុតនៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម បន្ទាប់ពីមានហេតុការណ៍បាក់ច្រាំងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នក្រុមមន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម បានធ្វេីការសហការជាមួយអាជ្ញាធរខេត្តបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីចុះពិនិត្យ វាយតម្លៃលក្ខណៈបច្ចេកទេស ពិនិត្យលទ្ធភាពស្តារ និងសាងសង់សំណង់ច្រាំងទន្លេឡើងវិញ។
ស្របពេលនៃការពិនិត្យសិក្សាស្តារ និងសាងសង់ច្រាំងទន្លេនេះ រដ្ឋបាលសាលាខេត្តក៍បានប្រើប្រាស់កម្លាំងសមត្ថកិច្ច ដោយហាមឃាត់ការធ្វើចរាចរណ៍ និងធ្វើដំណើចេញចូលតំបន់បាក់ស្រុតច្រាំងទន្លេជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅ។
គូសបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានហេតុការណ៍បាក់ស្រុតច្រាំងទន្លេនៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ ចាម ខេត្តកំពង់ចាម តែមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បញ្ជាក់ពីមូលហេតុថា ការបាក់ស្រុតច្រាំងទន្លេនៅទីតាំងខាងលើនេះ បណ្តាលមកពីទីតាំងនោះស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ។ កត្តាមួយទៀត រដ្ឋបាលខេត្តថា អាចបណ្តាលមកពីសំណង់ច្រាំងទន្លេម្តុំនោះ មានអាយុកាលចាស់ ដោយសាងសង់តាំងពីឆ្នាំ២០១២ ពោលគឺមានរយៈពេលជាង ១៤ឆ្នាំហើយ៕










