នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកម៉ាឡេស៊ី (JPJ) បានឲ្យដឹងថា យានយន្តដឹកទំនិញធុនធ្ងន់ នឹងត្រូវបានហាមឃាត់មិនឲ្យចរាចរណ៍នៅលើដងផ្លូវ ក្នុងអំឡុងពេលជាក់លាក់ ទាំងនៅមុន និងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។
អគ្គនាយក លោក Aedy Fadly Ramli បាននិយាយថា ការហាមឃាត់នេះនឹងធ្វើឡើងនៅថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ និងថ្ងៃទី២១ និងទី២២ ខែកុម្ភៈ ដោយលោកបញ្ជាក់ថា ការធ្វើនេះមានគោលបំណងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ និងធានាបាននូវលំហូរចរាចរណ៍ដោយរលូន។
ការហាមឃាត់នេះនឹងត្រូវអនុវត្តគ្រប់ពេលវេលានៅថ្ងៃដែលបានកំណត់ សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់លើសពី ៧.៥០០គីឡូក្រាម រួមជាមួយរ៉ឺម៉កសណ្ដោង និងយានយន្តដែលប្រើសម្រាប់ដឹកជញ្ជូនស៊ីម៉ង់ត៍ ដែកថែប ខ្សាច់ និងសម្ភារៈសំណង់ផ្សេងទៀត។

ការហាមឃាត់ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ នឹងត្រូវអនុវត្ត ចំពោះរថយន្តដឹកទំនិញកុងតឺន័រ ដែលដឹកជញ្ជូនទំនិញ ក៏ដូចជាយានយន្តដែលដឹកជញ្ជូនឧបករណ៍អេឡិចត្រូនិច ឬផលិតផលគីមីពីកំពង់ផែ ឬអាកាសយានដ្ឋានទៅកាន់តំបន់ឧស្សាហកម្មក្នុងរដ្ឋតែមួយ និងការធ្វើដំណើរបញ្ច្រាសទិសវិញ។
ការហាមឃាត់នេះ ក៏អនុវត្តផងដែរ ចំពោះរថយន្តដឹកទំនិញដែលដឹកជញ្ជូនផលិតផលប្រេងដូង កៅស៊ូ និងជាច្រើនទៀត៕
