អង្គការណាតូ (NATO) នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានជំរុញឲ្យមាន «ការទទួលខុសត្រូវ និងការអត់ធ្មត់» ខណៈដែលសន្ធិសញ្ញា New START រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលដាក់កម្រិតលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ភាគីទាំង២ ផុតកំណត់ ជាអ្វីដែលធ្វើឲ្យមានការភ័យខ្លាចខ្លាំងឡើងៗ អំពីការប្រណាំងប្រជែងអាវុធថ្មី។
មន្ត្រីម្នាក់មកពីសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិក បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ការអត់ធ្មត់ និងការទទួលខុសត្រូវក្នុងវិស័យនុយក្លេអ៊ែរ គឺមានសារៈសំខាន់ណាស់ ចំពោះសន្តិសុខសកល»។
មន្ត្រីរូបនោះបានឲ្យដឹងទៀតថា រុស្ស៊ី និងចិន សុទ្ធតែកំពុងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេ ហើយអង្គការណាតូ «នឹងបន្តចាត់វិធានការចាំបាច់» ដើម្បីធានាដល់ការការពាររបស់ខ្លួន ដោយបានបន្ថែមថា «វោហាសាស្ត្រនុយក្លេអ៊ែរដែលគ្មានការទទួលខុសត្រូវ និងការផ្តល់សញ្ញាគំរាមប្រើនុយក្លេអ៊ែររបស់រុស្ស៊ី បង្ហាញពីឥរិយាបថនៃការសម្លុតកំហែងជាយុទ្ធសាស្ត្រ»។

ទន្ទឹមនឹងនេះ មន្ត្រីរូបនោះបានសង្កត់ធ្ងន់ថា «ចិនបន្តពង្រីក និងធ្វើពិពិធកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែម និងប្រព័ន្ធដឹកជញ្ជូនទំនើបៗមួយចំនួនធំ»។
នៅថ្ងៃទី៥ ខែកុម្ភៈនេះ វិមានក្រឹមឡាំង បានលើកឡើងថា ខ្លួនសោកស្តាយ ចំពោះការបញ្ចប់សន្ធិសញ្ញាចុងក្រោយដែលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក ហើយបានចាត់ទុកថា វាគឺជាជំហានអវិជ្ជមាន។ ទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីណាមួយ ត្រូវតែរួមបញ្ចូលប្រទេសចិន ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចប្រឹងប្រែងជាអន្តរជាតិ ដើម្បីជំរុញឲ្យទីក្រុងប៉េកាំងចូលរួមក្នុងការចរចាថ្មី បានបរាជ័យ៕


