នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ (ថ្ងៃទី៦-៧ ខែកុម្ភៈ)។ ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម ថងលុន ស៊ីសុលីត ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ រួមមានតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះបរមរាជរាំង និងឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជារដ្ឋមន្ត្រីអមគណៈប្រតិភូ។









