ក្រុមមន្រ្តីនិយាយថា ក្រុមជួយសង្រ្គោះ បានរកឃើញសាកសពមនុស្ស ២នាក់បន្ថែមទៀត កាលពីថ្ងៃសៅរ៍ ពីអណ្តូងរ៉ែធ្យូងថ្មខុសច្បាប់ នៅតំបន់ភាគឦសាន ប្រទេសឥណ្ឌា ជាទីដែលហេតុការណ៍ផ្ទុះ បានសម្លាប់មនុស្ស ២៧នាក់ ។
ហេតុការណ៍ផ្ទុះនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ១០យប់ ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍ នៅស្រុកតំបន់ភ្នំ East Jaintia ។

លោក Manish Kumar គឺជាអធិការរងនគរបាលស្រុក East Jaintia និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មនុស្ស ៨នាក់ បានករងរបួស ក្នុងឧបទ្ទេវហេតុនេះ ។
លោកបន្តថា កិច្ចខិតខំជួយសង្រ្គោះ ត្រូវបានរារាំងដោយសារទីតាំងដាច់ស្រយាលរបស់អណ្តូងរ៉ែ ត្រូវការធ្វើដំណើរច្រើនម៉ោងសម្រាប់ក្រុមការងាររដ្ឋ និងក្រមការងារសហព័ន្ធ ដើម្បីទៅដល់ទីនោះ ។
អណ្តូងរ៉ែនេះ ធ្លាប់ត្រូវបានគេប្រើប្រាស់នៅរដ្ឋភាគឦសានប្រទេសឥណ្ឌាមួយនេះ ប៉ុន្តែត្រូវបានគេបោះបង់ចោលកាលពីឆ្នាំ ២០១៤ ដោយសារមានមនុស្សស្លាប់ច្រើនពេក និងខូចខាតដោយសារបរិស្ថាន ។
យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហព័ន្ធឥណ្ឌា បានឲ្យដឹងថា មនុស្សសរុប ៦៣នាក់ បានស្លាប់ អំឡុងពេលជីករ៉ែខុសច្បាប់ នៅរដ្ឋភាគឦសាន Assam និងរដ្ឋ Meghalaya ចាប់តាំងពីឆ្នាំ ២០១២រហូតមក ៕
