ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ភាគីទាំងបី បានជំរុញលើការដោះស្រាយបញ្ហាព្រំដែនសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយនូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរវាងអ្នកដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។
នៅនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាបានរៀបចំកិច្ចប្រជុំរវាងអ្នកដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ព្រមទាំង មានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ថ្នាក់ដឹកនាំនៃរដ្ឋសភា និងឥស្សរជនរបស់គណបក្សនីមួយៗ។
ក្នុងជំនួបនេះ អ្នកដឹកនាំកំពូលនៃគណបក្សទាំងបីបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និង ប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងត្រីភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និង អន្តរជាតិ ព្រមទាំងដាក់ចេញគោលការណ៍ និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុង ពេលខាងមុខ។ ភាគីទាំងបីបានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានសម្តែងនូវការជឿទុកចិត្តគ្នាខ្ពស់ក្នុងការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីឱ្យប្រទេសទាំងបីសម្រេចគោលដៅក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៤៥ សម្រាប់វៀតណាម ឆ្នាំ២០៥០ សម្រាប់កម្ពុជា និងឆ្នាំ២០៥៥ សម្រាប់ប្រទេសឡាវ។
កិច្ចប្រជុំកំពូលនៃគណបក្សទាំងបីនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហា នានា ក្នុងទំនាក់ទំនងរវាងគណបក្សទាំងបី ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។ ភាគីទាំងបីបានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការលើវិស័យការទូត ការពារជាតិ និងសន្តិសុខ បានបោះជំហានទៅមុខ ប្រកបដោយ ប្រសិទ្ធភាពនិងស៊ីជម្រៅ ដែលជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ អប់រំ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កាន់តែរីកចម្រើន។
ភាគីទាំងបីឯកភាពជំរុញទំហំពាណិជ្ជកម្មទៅវិញទៅមកនៃប្រទេសទាំងបីឱ្យកើនឡើងទ្វេដង។ ភាគី ទាំងបីក៏បានឯកភាពជំរុញឱ្យសកម្មនូវការអនុវត្តគោលនយោបាយទេសចរណ៍ «ប្រទេស៣ គោលដៅ១» ដើម្បីជំរុញប្រទេសទាំងបីឱ្យក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរនៃប្រទេសទាំងបី និងប្រទេស ផ្សេងៗទៀតជុំវិញពិភពលោក។
ភាគីទាំងបីឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន សហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹង សកម្មភាពប្រឆាំងរបស់ពួកអមិត្ត ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកអនឡាញ គ្រឿងញៀន និងការជួញដូរមនុស្ស ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដូចជា ជំងឺឆ្លង ការប្រែប្រួល អាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ នៅតំបន់ព្រំដែន។
ភាគីទាំងបីនឹងបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នគណបក្ស សភា ក្រសួង/ស្ថាប័ន របស់រដ្ឋាភិបាល រណសិរ្ស និងអាជ្ញាធរមូលដ្ឋានរបស់ប្រទេសទាំងបី ជាពិសេសតំបន់ដែលមានព្រំដែនជាប់គ្នា និងបន្តបង្កើនការផ្សារភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងបី ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ទូរគមនាគមន៍ ថាមពលអគ្គិសនី បរិវិត្តកម្មឌីជីថល និងខ្សែច្រវាក់ផ្គត់ផ្គង់ ឧស្សាហកម្មកែច្នៃ និងកសិកម្ម ក្នុង ស្មារតីនៃការទាញយកប្រៀបខ្លាំង ដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។
ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព សម្រាប់ផលប្រយោជន៍ គណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងបី កិច្ចប្រជុំក៏បានចូលរួមចំណែកដល់ ការកសាង និងការពារសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក។
ភាគីទាំងបីបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងគុណតម្លៃនៃកម្មវិធីបណ្តុះបណ្តាលមន្ត្រីវ័យក្មេងបី គណបក្ស ដើម្បីឱ្យមន្ត្រី និងថ្នាក់ដឹកនាំវ័យក្មេងបានរៀនសូត្រ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក និង រួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី តាមស្មារតី «តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។
ភាគីទាំងបីក៏បានពិភាក្សាអំពីការជំរុញការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ឱ្យបានឆាប់ រហ័ស ដើម្បីទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយ នូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាបន្តសហការជិតស្និទ្ធជួយគ្នាទៅវិញទៅមក ក្នុងវេទិកាមហាអនុតំបន់ទន្លេមេគង្គ តំបន់ និងអន្តរជាតិ ព្រមទាំងប្តេជ្ញាការពារសាមគ្គីភាព មជ្ឈភាពអាស៊ាន និងគោលការណ៍ដោះស្រាយជម្លោះដោយ សន្តិវិធី និងគោរពច្បាប់អន្តរជាតិ។
កម្ពុជាបានថ្លែងអំណរគុណដល់មិត្តវៀតណាម និងមិត្តឡាវ ដែលបានចូលរួមជាមួយសមាជិកអាស៊ាន ដទៃទៀត គាំទ្របទឈប់បាញ់រវាងកម្ពុជានិងថៃ និងបានចូលរួមចំណែកដល់បេសកកម្មក្រុមសង្កេតការណ៍ អាស៊ាន ដើម្បីជួយធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។ ភាគីទាំងបីបានឯកភាពរៀបចំកិច្ចប្រជុំអ្នកដឹកនាំកំពូលគណបក្សទាំងបី នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេស ឡាវ នៅឆ្នាំ២០២៧ ខាងមុខ៕










