កាលពីថ្ងៃសៅរ៍ម្សិលមិញ អ្នកដំណើរនៅទីក្រុង Milan ប្រទេសអ៊ីតាលី ប្រឈមនឹងភាពរអាក់រអួលផ្លូវរថភ្លើង ក្រោយការបំផ្លិចបំផ្លាញសង្ស័យលើហេដ្ឋារចនាសម្ព័ន្ធមួយនេះ នៅជិតទីក្រុងភាគខាងជើង Bologna នៅថ្ងៃដំបូងនៃព្រឹត្តការណ៍កីឡាអូឡាំពិករដូវរងា ។
នគរបាលរាយការណ៍ឧបទ្ទេវហេតុដាច់ដោយឡែក ៣លើក នៅតាមទីតាំងខុសគ្នា ដែលបណ្តាលឲ្យមានការពន្យាពេល ២ម៉ោងកន្លះ សម្រាប់រថភ្លើងល្បឿនលឿន សេវាកម្មអន្តរទីក្រុង និងសេវាកម្មក្នុងតំបន់ ។
ក្រសួងដឹកជញ្ជូនអ៊ីតាលី ចាត់ទុកទង្វើនេះថា ជាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ហើយពួកគេបានរំឭកដល់ថ្ងៃបើកដំបូងនៃព្រឹត្តការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ពេលដែលបណ្តាញរថភ្លើងល្បឿនលឿន TGV របស់បារាំង រងការវាយប្រហារ បង្កឲ្យមានភាពវឹកវរការធ្វើដំណើរ ។

បណ្តាញផ្លូវរថភ្លើង FS គ្រប់គ្រងដោយរដ្ឋ បានបិទដំណើរការបណ្តោះអាសន្នស្ថានីយរថភ្លើងល្បឿនលឿនរបស់ខ្លួននៅទីក្រុង Bologna ប៉ុន្តែការធ្វើចរាចរណ៍ផ្លូវរថភ្លើង ចាប់ផ្តើមវិលត្រឡប់មករកសភាពធម្មតាវិញ នៅរសៀលថ្ងៃសៅរ៍ ។
នគរបាលនិយាយថា កាប៊ីនដែលមានកុងតាក់ប្តូរផ្លូវរថភ្លើង កើតជាអគ្គិភ័យមុនពេលថ្ងៃរះ នៅជិតទីក្រុង Pesaro ។ រយៈពេលជាច្រើនម៉ោងក្រោយមក ខ្សែកាបអេឡិចត្រូនិក ប្រើប្រាស់ដើម្បីរកឃើញល្បឿនរបស់រថភ្លើង រងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីក្រុង Bologna ខណៈដែលគ្រឿងផ្ទុះមួយគ្រាប់ ត្រូវបានរកឃើញនៅលើផ្លូវដែក ។
អ្នកនាំពាក្យក្រសួងដឹកជញ្ជូនអ៊ីតាលី និយាយថា ពុំទាន់មានភាគីណាមួយប្រកាសទទួលស្គាល់ឧបទ្ទេវហេតុទំាងនេះនោះទេ ៕
