ក្រុមចម្រុះរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានឈ្នះការបោះឆ្នោតជាប្រវត្តិសាស្ត្រ នៅថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ដោយបើកផ្លូវសម្រាប់ការកាត់បន្ថយពន្ធដែលបានសន្យា ដែលបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ និងការចំណាយផ្នែកយោធាឡើងខ្ពស់ត្រដែត ដែលមានគោលបំណងទប់ទល់នឹងប្រទេសចិន។

លោកស្រី Takaichi ជាមេដឹកនាំស្ត្រីដំបូងបំផុតរបស់ជប៉ុន ដែលនិយាយថា លោកស្រីត្រូវបានបំផុសគំនិតដោយ «ស្ត្រីដែក» របស់ចក្រភពអង់គ្លេស លោកស្រី Margaret Thatcher ទទួលបាន ៣១៦ អាសនៈក្នុងចំណោម ៤៦៥ អាសនៈ នៅក្នុងសភាជាន់ទាបសម្រាប់គណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោកស្រី ដែលជាលទ្ធផលល្អបំផុតមិនធ្លាប់មានពីមុនមក។
រួមគ្នាជាមួយដៃគូក្រុមចម្រុះរដ្ឋាភិបាល គឺគណបក្សនវានុវត្តន៍ជប៉ុន ដែលគេស្គាល់ថាក្រុម Ishin លោកស្រី Takaichi គ្រប់គ្រង ៣៥២ អាសនៈ និងសំឡេងភាគច្រើនដ៏លើសលប់នៃចំនួន ២ភាគ៣ នៃអាសនៈសភាជាន់ទាបដ៏មានឥទ្ធិពល ដែលជួយសម្រួលដល់របៀបវារៈនីតិបញ្ញត្តិរបស់លោកស្រី ខណៈលោកស្រីអាចជំនួសសភាជាន់ខ្ពស់ ដែលលោកស្រីមិនមានសំឡេងភាគច្រើន។
ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ខណៈដែលលទ្ធផលឆ្នោតកំពុងតែត្រូវបានប្រកាស លោកស្រី Takaichi បានថ្លែងថា៖ «ការបោះឆ្នោតនេះពាក់ព័ន្ធនឹងការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ ហើយជាពិសេស គឺការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាការពង្រឹងគោលនយោបាយសន្តិសុខ»។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានអបអរសាទរលោកស្រី Takaichi ចំពោះលទ្ធផលនេះ នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយជូនពរលោកស្រី «ឱ្យទទួលបានជោគជ័យយ៉ាងធំធេងក្នុងការអនុម័តរបៀបវារៈអភិរក្សនិយម និងសន្តិភាពតាមរយៈកម្លាំង»៕

