អាជ្ញាធរប្រទេសអ៊ីរ៉ង់ បានចាប់ខ្លួនមនុស្សបួននាក់ពីបទប៉ុនប៉ង «រំខានដល់សណ្តាប់ធ្នាប់សង្គមនិងនយោបាយរបស់ប្រទេស» និងបានធ្វើការ «ដើម្បីផលប្រយោជន៍» របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកក្នុងអំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីខែមករា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឲ្យដឹងថា អ្នកដែលត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យ រួមមានអ្នកនយោបាយកំណែទម្រង់ដ៏លេចធ្លោបីនាក់។

អ្នកទាំងបីរួមមានលោកស្រី Azar Mansouri ប្រធានរណសិរ្សកំណែទម្រង់អ៊ីរ៉ង់ លោកMohsen Aminzadeh អតីតអ្នកការទូត និងលោក Ebhrahim Asgharzadeh អតីតសមាជិកសភា។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ Mizan បានឱ្យដឹងថា ប្រព័ន្ធតុលាការអ៊ីរ៉ង់ បានចោទប្រកាន់ក្រុមនេះថា «រៀបចំ និងដឹកនាំសកម្មភាពជាច្រើនយ៉ាងទូលំទូលាយក្នុងគោលបំណងធ្វើឲ្យរំខានដល់ស្ថានភាពនយោបាយ និងសង្គម» នៅពេលដែលប្រទេសនេះប្រឈមទៅនឹង «ការគំរាមកំហែងយោធា ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
រណសិរ្សកំណែទម្រង់អ៊ីរ៉ង់ បានបញ្ជាក់ពីការចាប់ខ្លួននេះនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ X និងបាននិយាយថា លោកស្រី Mansouri ត្រូវបានចាប់ខ្លួនពី «ទ្វារផ្ទះរបស់លោកស្រីក្រោមសេចក្តីបង្គាប់របស់តុលាការ» ដោយកងកម្លាំងស៊ើបការណ៍សម្ងាត់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។
ការចាប់ខ្លួនទាំងនេះ ធ្វើឡើងក្នុងពេលមានកំហឹងនៅក្នុងប្រទេសអ៊ីរ៉ង់ជុំវិញការស្លាប់ពលរដ្ឋអ៊ីរ៉ង់រាប់ពាន់នាក់អំឡុងពេលភាពវឹកវរក្នុងខែមករា។ ការតវ៉ា បានចាប់ផ្តើមនៅក្នុងរដ្ឋធានីតេអេរ៉ង់ ដោយសារតែវិបត្តិសេដ្ឋកិច្ចកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ប៉ុន្តែបានកើនឡើងទៅជាចលនាប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេស។