ការិយាល័យរបស់លោកប្រធានាធិបតី ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ប្រទេសអាហ្វ្រិកខាងត្បូង នឹងដកកងទ័ពរបស់ខ្លួនចេញពីបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា លោក រ៉ាម៉ាផូសា បានប្រាប់អគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres)អំពីការសម្រេចចិត្តនេះ ដែលត្រូវបានជំរុញដោយតម្រូវការក្នុង «ការរៀបចំឡើងវិញ» នូវធនធានរបស់កងកម្លាំងប្រដាប់អាវុធរបស់អាហ្វ្រិកខាងត្បូង។

អាហ្វ្រិកខាងត្បូងបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់UN នៅក្នុងប្រទេសកុងហ្គោអស់រយៈពេល ២៧ឆ្នាំ មកហើយ និងមានទាហានជាង ៧០០នាក់ ត្រូវបានដាក់ពង្រាយនៅទីនោះ។
បេសកកម្មរបស់UN មានកងទ័ព និងនគរបាលសរុបជិត ១១.០០០នាក់ ដែលត្រូវបានដាក់ពង្រាយ នៅពេលដែលអាណត្តិរបស់ខ្លួនត្រូវបានបន្ត នៅក្នុងខែធ្នូ។
អាណត្តិរបស់បេសកកម្មអង្គការសហប្រជាជាតិ គឺដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមជាច្រើនដែលសកម្មនៅភាគខាងកើតដ៏ជ្រួលច្របល់របស់ប្រទេសកុងហ្គោ ជាកន្លែងដែលជម្លោះបានរាលដាលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និងជាកន្លែងដែលមានការកើនឡើងនៃការប្រយុទ្ធគ្នាថ្មីៗនេះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«អាហ្វ្រិកខាងត្បូង នឹងធ្វើការរួមគ្នាជាមួយអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ពេលវេលា និងមធ្យោបាយផ្សេងៗទៀតនៃការដកខ្លួនចេញ ដែលនឹងត្រូវបញ្ចប់ មុនចុងឆ្នាំ ២០២៦»។
ការិយាល័យរបស់លោក រ៉ាម៉ាផូសា បាននិយាយថា អាហ្វ្រិកខាងត្បូងនឹងបន្តរក្សាចំណងមិត្តភាពទ្វេភាគីយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកុងហ្គោ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពហុភាគីផ្សេងទៀត ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងដល់ប្រទេសនេះ៕