នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆេក លោក Andrej Babis បាននិយាយថា លោកគាំទ្រលើវិធានការហាមឃាត់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្ដាញសង្គម ដោយលើកយកបារាំងជាឧទាហរណ៍ ខណៈទីក្រុងប៉ារីស នាពេលថ្មីៗនេះ បានចាត់វិធានការដាក់កំហិតលើមនុស្សវ័យក្មេង ក្នុងការប្រើប្រាស់បណ្ដាញសង្គម។

លោក Babis បាននិយាយក្នុងសារជាវីដេអូមួយ ដែលបង្ហោះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅថ្ងៃទី៨ ខែកុម្ភៈថា៖ បណ្ដាអ្នកជំនាញដែលលោកស្គាល់ បាននិយាយថា ការប្រើបណ្ដាញសង្គមគឺមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់កុមារ ដូច្នេះហើយ «យើងត្រូវតែការពារកូនៗរបស់យើង»។ លោកមិនបានបញ្ជាក់ឡើយថា រដ្ឋាភិបាលរបស់លោកមានគម្រោងចាត់វិធានការជាក់លាក់អ្វីខ្លះ។

ប្រសិនបើសាធារណរដ្ឋឆេក ឈានទៅមុខលើចំណាត់ការនេះ នោះខ្លួននឹងចូលរួមជាមួយក្រុមប្រទេសអឺរ៉ុបជាច្រើនទៀត ដែលកំពុងជំរុញឱ្យមានការរឹតបន្តឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជំហានបែបនេះនឹងដាក់កំហិត ឬកាត់ផ្តាច់អ្នកប្រើប្រាស់វ័យក្មេងរាប់លាននាក់ ចេញពីវេទិកាសង្គម ដែលនិយតករពិពណ៌នាថា មានគ្រោះថ្នាក់ និងបណ្ដាលឱ្យញៀន។
អូស្ត្រាលី គឺជាប្រទេសដំបូងដែលអនុវត្តគោលនយោបាយបែបនេះ ដោយគ្របដណ្តប់លើបណ្ដាញសង្គមល្បីៗដូចជា Instagram និង Facebook របស់ក្រុមហ៊ុន Meta ព្រមទាំងកម្មវិធី Snap និងកម្មវិធី X ក៏ដូចជា កម្មវិធី TikTok និង YouTube ជាដើម។ នៅអឺរ៉ុប អេស្ប៉ាញបានក្លាយជាប្រទេសចុងក្រោយបង្អស់ ដែលស្នើឱ្យហាមឃាត់សេវាកម្មបែបនេះ។ មានប្រទេសយ៉ាងតិចចំនួន ១០ ផ្សេងទៀត រួមទាំងអង់គ្លេស ព័រទុយហ្គាល់ និងដាណឺម៉ាកជាដើម ក៏ដូចជាសហភាពអឺរ៉ុបទាំងមូល កំពុងពិចារណាលើការរឹតបន្តឹងមួយចំនួនលើបណ្ដាញសង្គម៕
