ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែល បានរាយការណ៍ដោយសកស្រង់ប្រភពមួយចំនួនកាលពីថ្ងៃអាទិត្យ (៨ កុម្ភៈ) ថា ក្រុមមន្ត្រីការពារជាតិអ៊ីស្រាអែល នាពេលថ្មីៗនេះ បានប្រាប់សមភាគីអាមេរិករបស់ពួកគេថា កម្មវិធីមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ តំណាងឱ្យការគំរាមកំហែងដ៏ធំ ហើយថា ទីក្រុងហ្សេរុយសាឡិម ត្រៀមខ្លួនធ្វើសកម្មភាពជាឯកតោភាគី ប្រសិនបើចាំបាច់។

យោងតាមរបាយការណ៍ដែលដកស្រង់ប្រភពសន្តិសុខអ៊ីស្រាអែល បាននិយាយថា ចេតនារបស់អ៊ីស្រាអែល ក្នុងការរុះរើសមត្ថភាពមីស៊ីល និងហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមីស៊ីលរបស់អ៊ីរ៉ង់ ត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងសប្តាហ៍ថ្មីៗនេះ តាមរយៈការផ្លាស់ប្តូររវាងមន្រ្តីកម្រិតខ្ពស់ជាបន្តបន្ទាប់។ ក្រុមមន្ត្រីយោធាបានគូសបញ្ជាក់ពីគោលគំនិតប្រតិបត្តិការដើម្បីបំផ្លាញកម្មវិធីនេះ រួមទាំងការវាយប្រហារលើទីតាំងផលិតកម្មសំខាន់ៗ។
ប្រភពនិយាយថា «អ៊ីស្រាអែល បានប្រាប់ភាគីអាមេរិកថា ខ្លួននឹងបើកការវាយប្រហារតែឯកឯង ប្រសិនបើអ៊ីរ៉ង់ ឆ្លងបន្ទាត់ក្រហមដែលអ៊ីស្រាអែលបានកំណត់ លើមីស៊ីលបាលីស្ទិក» ហើយថា អ៊ីស្រាអែលមិនទាន់ឈានដល់កម្រិតនោះនៅឡើយទេ ប៉ុន្តែកំពុងតាមដានការវិវឌ្ឍជាបន្តបន្ទាប់នៅអ៊ីរ៉ង់។
មន្ត្រីទាំងនោះសង្កត់ធ្ងន់ថា អ៊ីស្រាអែល នៅតែរក្សាសេរីភាពនៃសកម្មភាពរបស់ខ្លួន និងខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ ស្តារប្រព័ន្ធអាវុធយុទ្ធសាស្ត្រឡើងវិញ ក្នុងទ្រង់ទ្រាយដែលគំរាមកំហែងដល់អត្ថិភាពរបស់អ៊ីស្រាអែលជាដាច់ខាត។ មន្ត្រីការពារជាតិអ៊ីស្រាអែលមួយរូប បានពណ៌នាពីពេលវេលាបច្ចុប្បន្នថាជា «ឱកាសដ៏ប្រវត្តិសាស្ត្រ» ដើម្បីធ្វើការវាយប្រហារយ៉ាងសំខាន់ ទៅលើហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់ និងបន្សាបការគំរាមកំហែងយ៉ាងសកម្មចំពោះអ៊ីស្រាអែល និងបណ្ដារដ្ឋជិតខាង៕

