រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យ (ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦) បានច្រានចោលថា ទីក្រុងតេអេរ៉ង់មិនបោះបង់ចោលការបង្កើនសារធាតុអ៊ុយនីរ៉ាញ៉ូម នៅក្នុងការចរចារបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនទេ ដោយទទូចថា ខ្លួននឹងមិនញញើត ចំពោះការគំរាមបង្កសង្គ្រាមរបស់សហរដ្ឋអាមេរិកឡើយ។
ទីក្រុងវ៉ាស៊ីនតោន បានគំរាមធ្វើអន្តរាគមន៍ជាលើកដំបូង ពាក់ព័ន្ធនឹងការបង្ក្រាបដ៏សាហាវរបស់ទីក្រុងតេអេរ៉ង់លើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដោយអាជ្ញាធរកាលពីថ្ងៃអាទិត្យ បានចាប់ខ្លួនអ្នកកែទម្រង់ដ៏លេចធ្លោ ៣រូបដែលត្រូវបានចោទប្រកាន់ពីបទប្រើពាក្យសម្តីប្រឆាំងរដ្ឋាភិបាល។ ហើយពួកគេក៏បានដាក់ទោសជាប់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរមួយទៀត ចំពោះអ្នកឈ្នះរង្វាន់ណូបែល លោកស្រី Narges Mohammadi ដែលត្រូវបានចាប់ខ្លួន មុនពេលមានការតវ៉ា ពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។

លោក Araghchi បានប្រាប់វេទិកាមួយនៅទីក្រុងតេអេរ៉ង់ដែលមានការចូលរួមពីសារព័ត៌មាន AFP ថា អ៊ីរ៉ង់មានទំនុកចិត្តតិចតួចលើទីក្រុងវ៉ាស៊ីនតោន ហើយមិនមានភាពជឿជាក់ថា ភាគីអាមេរិកកំពុងយកចិត្តទុកដាក់ ចំពោះការចរចាឡើងវិញយ៉ាងម៉ត់ចត់ឡើយ។ ក្រោយមក លោកបាននិយាយថា អ៊ីរ៉ង់កំពុងពិគ្រោះយោបល់ជាមួយ «ដៃគូយុទ្ធសាស្ត្រ» របស់ខ្លួន គឺចិន និងរុស្ស៊ី អំពីការចរចានេះ។
លោក Araghchi បានលើកឡើងនៅក្នុងវេទិកានោះថា៖ «ហេតុអ្វីបានជាយើងទទូចខ្លាំងម៉្លេះ លើការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម ហើយបដិសេធមិនបោះបង់វា ទោះបីជាមានការគំរាមធ្វើសង្គ្រាមមកលើយើងក៏ដោយ? ពីព្រោះគ្មាននរណាម្នាក់មានសិទ្ធិកំណត់អាកប្បកិរិយារបស់យើងបានទេ»។ ហើយដោយសំដៅទៅលើការទៅដល់នៃនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅក្នុងសមុទ្រអារ៉ាប់ លោកបានបន្ថែមថា៖ «ការដាក់ពង្រាយយោធារបស់ពួកគេនៅក្នុងតំបន់នេះ មិនធ្វើឲ្យយើងញញើតឡើយ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការចរចាឡើងវិញកាលថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅ នៅប្រទេសអូម៉ង់ ដែលជាលើកដំបូង គិតចាប់តាំងពីមានសង្គ្រាមរយៈពេល ១២ថ្ងៃរបស់អ៊ីស្រាអែលជាមួយសាធារណរដ្ឋឥស្លាមក្នុងខែមិថុនាឆ្នាំមុន ដែលសហរដ្ឋអាមេរិកបានចូលរួមមួយរយៈខ្លី៕


