វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ស្ថានភាពប្រេងឥន្ធនៈ នៅក្នុងប្រទេសគុយបាដែលបានបង្ហាញពីផែនការមួយ ដើម្បីការពារសេវាកម្មសំខាន់ៗ និងប្រេងឥន្ធនៈមានកម្រិត គឺធ្ងន់ធ្ងរណាស់ ហើយថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការ «បិទខ្ទប់ដង្ហើម» សេដ្ឋកិច្ចរបស់កោះនេះ កំពុងបង្កជាការលំបាកយ៉ាងច្រើន។
គុយបាបានរៀបរាប់លម្អិតអំពីផែនការរបស់ខ្លួន ក្នុងការស្វែងរកផ្លូវដោះស្រាយវិបត្តិកាន់តែធ្ងន់ធ្ងរទៅៗ កាលពីថ្ងៃសុក្រ ខណៈដែលរដ្ឋាភិបាលដែលដឹកនាំដោយលទ្ធិកុម្មុយនីស្ត បានបដិសេធមិនព្រមចុះញ៉មជាមួយនឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងទៅកាន់កោះតំបន់ការ៉ាអ៊ីប បន្ទាប់ពីបានប្រកាសថា គុយបា «គឺជាការគំរាមកំហែងមិនធម្មតា និងខ្លាំងក្លា» ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ស្ថានភាពនៅក្នុងប្រទេសគុយបា ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ យើងដឹងអំពីរឿងនេះ។ យើងកំពុងបន្តមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមិត្តភក្តិគុយបារបស់យើង តាមរយៈបណ្តាញការទូត និងបណ្តាញផ្សេងទៀត»។

រុស្ស៊ីកំពុងព្យាយាមស្តារទំនាក់ទំនងដែលខូចខាតរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងស្វែងរកការសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។ ប៉ុន្តែវិមានក្រឹមឡាំង បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនសប្បាយចិត្តនឹងការប្រព្រឹត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះគុយបាឡើយ។
ហើយលោក Peskov បានសង្កត់ធ្ងន់ថា៖ «យុទ្ធសាស្ត្រដ៏ឃោរឃៅដែលសហរដ្ឋអាមេរិកប្រើប្រាស់ពិតជាបង្កការលំបាកយ៉ាងច្រើនដល់ប្រទេសនេះ។ យើងកំពុងពិភាក្សាជាមួយមិត្តភក្តិគុយបារបស់យើង អំពីមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាទាំងនេះ ឬយ៉ាងហោចណាស់ផ្តល់ជំនួយគ្រប់យ៉ាងដែលអាចធ្វើទៅបាន»៕

