ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាកំពុងរង់ចាំការផ្ដល់យុត្តិធម៌ ពីថ្នាក់តំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងករណីកងទ័ពថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាពទឹកដីកម្ពុជា ម្ដងជាពីរដង កាលពីឆ្នាំ២០២៥ ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតីទិនការងារប្រចាំឆ្នាំ២០២៦ របស់អន្តរសភាអាស៊ាន (IPA) នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា កាលពីចុងខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានលើកដំបូង ដើម្បីជួបជុំគ្នា និងផ្ដើមទទួលភារកិច្ចសម្របសម្រួលដោះស្រាយជម្លោះ នៃការឈ្លានពានទឹកដីរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា ។
ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសរងគ្រោះ នៃការឈ្លានពានរបស់កងទ័ពថៃ ដោយកម្ពុជារងចាំទទួលដំណោះស្រាយប្រកបដោយភាពយុត្តិធម៌ សន្តិភាព ស្របតាមច្បាប់ អន្តរជាតិទទួលស្គាល់ និងប្រជាជនកម្ពុជាទទួលយកបានផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ដែលបានបំពេញភារកិច្ចក្នុងការចូលរួមកិច្ចប្រជុំនានារបស់អន្តរសភាអាស៊ានទទួលបានជោគជ័យនាពេលកន្លងមក ។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៥ លេខាធិការដ្ឋានអាយប៉ា បានរៀបចំសេចក្តីព្រាងកាលវិភាគ នៃកិច្ចប្រជុំ និងកម្មវិធីនានារបស់អាយប៉ា សម្រាប់ឆ្នាំ២០២៦ ដែលមានសរុបចំនួន ៣២កម្មវិធី ។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជាបានចូលរួម និងកំពុងត្រៀមចូលរួមកិច្ចប្រជុំចំនួន ១១ ក្នុងនោះមានកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសស្តីពី វេទិកាថ្នាក់ដឹកនាំអាយប៉ា និងសមាសភាពរៀបចំបទចម្រៀងអាយប៉ាថ្មី, កិច្ចប្រជុំគណៈកម្មាធិការសិក្សាលើកទី១ ស្តីពី ការផ្លាស់ប្ដូរកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឧក្រិដ្ឋកម្មឆ្លងដែន ។
កម្មវិធីសម្រាប់សភាសមាជិកអាយប៉ា ស្តីពីសង្គមនីយកម្មចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥, វគ្គបណ្ដុះបណ្ដាលសភា សហការរៀបចំដោយអាយប៉ា និងអង្គការ UNOCT ក្រោមប្រធានបទស្តីពី ការបង្ការ និងប្រឆាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត សម្រាប់ការប្រឆាំងភេរវកម្ម និងអំពើហិង្សាដោយសារភាពជ្រុលនិយម, សិក្ខាសាលាកម្រិតមន្ត្រី ស្តីពីការរៀបចំឧបករណ៍វាយតម្លៃនីតិប្បញ្ញត្តិ ការវិនិយោគប្រកបដោយការទទួលខុសត្រូវ លើវិស័យចំណីអាហារ កសិកម្ម ព្រៃឈើ នៅក្នុងអាស៊ាន, កិច្ចប្រជុំពិគ្រោះយោបល់ របស់សមាជិកសភាវ័យក្មេងអាយប៉ា លើកទី៣, កិច្ចប្រជុំពិគ្រោះយោបល់ របស់គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា លើកទី៥, កិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា លើកទី១៥, កិច្ចប្រជុំលើកទី៩ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី គ្រោះថ្នាក់គ្រឿងញៀន, កិច្ចប្រជុំក្រុមអ្នកនយោយបាយអាយប៉ា លើកទី១៧ និងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧៕ អត្ថបទ បាន សុខរិទ្ធិ
