មេដឹកនាំរបស់ទីក្រុងហុងកុង លោក John Lee បាននិយាយនៅថ្ងៃអង្គារ (១០ កុម្ភៈ) នេះថា មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ និងជាអ្នកធ្វើយុទ្ធនាការលទ្ធិប្រជាធិបតេយ្យ លោក Jimmy Lai គឺស័ក្ដិសមនឹងទទួលបានការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ដោយតុលាការហុងកុងនៅសប្តាហ៍នេះ បន្ទាប់ពីទង្វើដ៏គ្រោះថ្នាក់ទាំងអស់ដែលលោកបានប្រព្រឹត្តិ។
លោក Lee បានថ្លែងបែបនេះ រយៈពេលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Lai វ័យ ៧៨ឆ្នាំ ត្រូវបានតុលាការហុងកុង កំណត់ទោសកាលពីថ្ងៃចន្ទ ឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ពីបទឃុបឃិតគ្នាជាមួយកងកម្លាំងបរទេសចំនួន ២ករណី និងមួយករណីទៀតពីបទបោះពុម្ពផ្សាយសម្ភារៈញុះញង់។

សាលក្រមកំណត់រយៈពេលមានទោសនេះ បានកើតឡើងបន្ទាប់ពីរឿងរ៉ាវផ្លូវច្បាប់ដ៏ចម្រូងចម្រាសដែលមានរយៈពេលជិត ៥ឆ្នាំ។ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ តុលាការហុងកុង បានចេញសាលក្រមមានទោសចំពោះលោក Lai លើបទចោទប្រកាន់ទាំង ៣ករណីនេះ។ លោក Lai ដែលជាស្ថាបនិកនៃអតីតស្ថាប័នកាសែត Apple Daily ដែលឥឡូវនេះបានបិទទ្វារទៅហើយ ត្រូវបានចាប់ខ្លួនជាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ២០២០។
ក្នុងចំណោមរឿងផ្សេងទៀត ក្រុមចៅក្រមបានសម្រេចថា បទល្មើសរបស់លោក Lai គឺ «ធ្ងន់ធ្ងរ» ហើយការឃុបឃិតគ្នាទាំងនោះស្ថិតក្នុងប្រភេទ «ធ្ងន់ធ្ងរបំផុត» ចំណែកការឃុបឃិតគ្នាជាមួយបរទេសត្រូវបាន «គ្រោងទុកយ៉ាងល្អ» និង «មានការគិតទុកជាមុន» នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៕

