ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ទីក្រុងតេអេរ៉ង់អាចពិចារណាកាត់បន្ថយសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ ៦០ភាគរយ ប៉ុន្តែលុះត្រាណាតែទណ្ឌកម្មអន្តរជាតិទាំងអស់ ត្រូវបានលុបចោលទាំងស្រុង។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។
ប្រមុខអង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Mohammad Eslami បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកសារព័ត៌មាន ខណៈពេលដែលលោកឆ្លើយតបទៅនឹងសំណួរមួយ អំពីថា តើសហរដ្ឋអាមេរិកបានទាមទារឲ្យប្រទេសរបស់លោកត្រូវកាត់បន្ថយសារធាតុអ៊ុយរ៉ានីញ៉ូម ៦០ភាគរយរបស់ខ្លួន អំឡុងការចរចា ដោយប្រយោលរវាងភាគីទាំង២ នៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រដែរ ឬទេ។

លោក Eslami បាននិយាយថា៖ «បញ្ហានេះ (ការរំលាយ ឬកាត់បន្ថយអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយរបស់អ៊ីរ៉ង់) អាស្រ័យលើថា តើពួកគេនឹងលុបចោលទណ្ឌកម្មទាំងអស់ជាថ្នូរដែរ ឬអត់»។ លោកបានសង្កត់ធ្ងន់ថា ការផ្ទេរសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសមួយផ្សេងទៀត ជាទូទៅមិនមាននៅក្នុងរបៀបវារៈនោះទេ ដោយបន្ថែមថា សំណើបែបនេះត្រូវបានដាក់ចេញដោយបុគ្គល ឬប្រទេសដែលកំពុងស្វែងរកការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ។
ជាមួយគ្នានេះ លោក Eslami បានអំពាវនាវដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន និងថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនាឆ្នាំមុន។
គួរបញ្ជាក់ដែរថា គណៈប្រតិភូរបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក គឺលោក Steve Witkoff បានបើកកិច្ចចរចានុយក្លេអ៊ែរដោយប្រយោល នៅរដ្ឋធានី Muscat ប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន៕
