អត្តពលកម្ម៖ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានដាក់គោលដៅនឹងផលិតធនធានកីឡាករ-កីឡាការិនីកម្រិតអាជីពឲ្យបាន ១សែននាក់ក្នុងរយៈពេល ១០ឆ្នាំដើម្បីឈានទៅរកការប្រកួតប្រជែងកម្រិតខ្ពស់ ពិសេសការប្រកួតអូឡាំពិកនាឆ្នាំ២០៣២។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារូបនេះបានបញ្ជាក់ថា នេះគឺជាគោលដៅរបស់ខ្លួនពេលឯកឧត្តមធ្វើសន្និបាតសហព័ន្ធ។ ប៉ុន្ដែដើម្បីសម្រេចផែនការនេះ សហព័ន្ធទាមទារឲ្យមានការចូលរួមពីឪពុកម្ដាយ និងយុវជន ពិសេសការធ្វើកម្លាយប្រជាប្រិយនៃប្រភេទកីឡាអូឡាំពិកនេះឲ្យបានខ្លាំងក្លា ដើម្បីចាក់ឬស្សចូលក្នុងបេះដូងរបស់យុវជនចូលរួមលេងកីឡាអត្តពលកម្មឲ្យកាន់តែច្រើន។
សូមបញ្ជាក់ថា ការលើកឡើងរបស់ប្រមុខសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសអន្ដរជាតិកម្រិត១ កាលពីថ្មីៗ ក្នុងនោះឯកឧត្តមក៏ជំរុញឲ្យសិក្ខាកាមដែលជាគ្រូបង្វឹកខិតខំពង្រឹងសមត្ថភាព ដើម្បីចូលរួមបណ្ដុះបណ្ដាល និងផលិតធនធានកីឡាករ-កីឡាការិនីតាមមូលដ្ឋាន ដើម្បីឈានទៅសម្រេចគោលដៅផលិតធនធានកីឡាករ-កីឡាការិនីកម្រិតអាជីពឲ្យបាន ១សែននាក់នេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា