រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកថា ទីក្រុង Moscow មានលទ្ធភាពធ្វើឲ្យប្រទេសមហាអំណាចលេខ ១ លើពិភពលោកមួយនេះចុះខ្សោយឥទ្ធិពល មិនអាចធ្វើអ្វីបាន ហើយចោទប្រកាន់លោកខាងលិចពីបទប្រើគម្រោងខ្លាចរុស្ស៊ី ដើម្បីហែករុស្ស៊ីជាចំណែក។
លោក Dmitry Medvedev ដែលបានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០០៨ ដល់២០១២ ហើយបច្ចុប្បន្នគឺជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ីបាននិយាយថា សហរដ្ឋអាមេរិកបានប្រើគម្រោងធ្វើជាខ្លាចរុស្ស៊ីដើម្បីបង្ខំឲ្យរុស្ស៊ីលុតជង្គង់ចុះចាញ់។ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប និងអាស៊ីបានដាក់ទណ្ឌកម្មលើបណ្ដាមេដឹកនាំរុស្ស៊ី ក្រុមហ៊ុន និងមហាសេដ្ឋកិច្ចធុរកិច្ចដោយកាត់ផ្ដាច់រុស្ស៊ីចេញពីសេដ្ឋកិច្ចពិភពលោក។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និយាយថា អ្វីដែលលោកហៅថា ជាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនគឺជារឿងចាំបាច់ ព្រោះសហរដ្ឋអាមេរិកកំពុងប្រើប្រទេសអ៊ុយក្រែនដើម្បីគំរាមកំហែងប្រទេសរុស្ស៊ី ហើយរុស្ស៊ីត្រូវតែការពារប្រឆាំងទៅនឹងអំពើប្រល័យពូជសាសន៍ លើប្រជាពលរដ្ឋនិយាយភាសារុស្ស៊ីពីសំណាក់ប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន