បេសកជនប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបញ្ឈប់ចំណាត់ការកាលពីពេលថ្មីៗនេះរបស់អ៊ីស្រាអែលក្នុងការពង្រឹងការគ្រប់គ្រងនៅតំបន់កាន់កាប់ West Bank ដែលលោកបាននិយាយថាស្មើនឹង «ការដាក់បញ្ចូលឧបសម្ព័ន្ធដែនដីរបស់ប្រជាជនប៉ាឡេស្ទីន»។

អមដោយអ្នកតំណាងនៃប្រទេសអារ៉ាប់ និងប្រទេសមានប្រជាជនស្លីមភាគច្រើន ឯកអគ្គរដ្ឋទូត លោក Riyad Mansour បានប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា ប្រជាជនប៉ាឡេស្ទីនកំពុង «ប្រមូលផ្តុំ» ជាលក្ខណៈការទូតប្រឆាំងកិច្ចខិតខំប្រឹងប្រែង «ខុសច្បាប់» របស់អ៊ីស្រាអែល។
លោក Mansour បាននិយាយថា «យើងសង្ឃឹម និងរំពឹងថាដៃគូដែលមានឥទ្ធិពល នឹងបញ្ឈប់អ៊ីស្រាអែលពីការគេចវេះជុំវិញការបំពានច្បាប់អន្តរជាតិ និងឆន្ទៈរបស់សហគមន៍ប្រទេសទាំងអស់»។

គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានអនុម័តវិធានការកាលពីថ្ងៃអាទិត្យ ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ប្រជាជនអ៊ីស្រាអែលក្នុងការដណ្តើមយកដែនដីប៉ាឡេស្ទីន និងទិញអចលនទ្រព្យដោយផ្ទាល់នៅក្នុងតំបន់កាន់កាប់ West Bank ខណៈពង្រីកការគ្រប់គ្រងយោធារបស់អ៊ីស្រាអែលនៅទីនោះ។