ក្រោយដំណើរការប្រកួតជាង ៤ខែ ពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំប្រចាំខេត្តស្វាយរៀង (Svay Rieng Cup U15) លើកទី២ ឆ្នាំ២០២៥ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ រវាងក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង និងក្រុមគោព្រៃភូមិស្វាយធំ។
មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ ក្រុមយុវជនទាំងពីរ សុទ្ធតែធ្វើបានល្អរៀងៗខ្លួន ក្នុងវគ្គជម្រុះតាមពូលរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈប្រកួតចុងក្រោយក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមសាលាបឋមសិក្សាជ្រៃធំ ៦-០ ខណៈក្រុមយុវជនគោព្រៃភូមិស្វាយធំ បានយកឈ្នះក្រុមយុវជនសាមគ្គី ២-១។
ក្រុមទាំងពីរ នឹងត្រូវជួបគ្នានៅកីឡដ្ឋានខេត្តស្វាយរៀង ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ។ ប៉ុន្ដែមុនឈានដល់គូដណ្ដើមជើងឯកនេះ ក៏នឹងមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមយុវជនសាមគ្គី និងក្រុមសាលាបឋមសិក្សាជ្រៃធំ នៅរសៀលថ្ងៃជាមួយគ្នាផងដែរ។
គួរដឹងថា ពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំប្រចាំខេត្តស្វាយរៀង លើកទី២ នេះ បានចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ដោយមានបេក្ខភាព ១៥ក្រុមចូលរួម។ ព្រឹត្តិការណ៍នេះ ផ្ដួចផ្ដើមរៀបចំដោយឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងជាប្រធានក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីបំផុសសកម្មភាពបាល់ទាត់ និងផ្ដល់ឱកាសដល់យុវជនតាមបណ្ដាក្រុង-ស្រុកបានចូលរួមប្រកួតប្រជែង ក៏ដូចជាបង្ហាញសមត្ថភាព ដើម្បីលើកកម្ពស់សុខភាពផង និងរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់ជាតិផង។
ចំពោះប្រាក់រង្វាន់លើកទឹកចិត្តក្រុមទទួលបានជ័យាលភីឆ្នាំនេះ សម្រាប់ក្រុមជើងឯក នឹងទទួលបានពានមេដាយមាស អមប្រាក់រង្វាន់ ៨លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ អមប្រាក់រង្វាន់ ៤លានរៀល, លេខ៣ ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២លានរៀល និងលេខ៤ ទទួលបានប្រាក់រង្វាន់ ១លានរៀលផងដែរ៕ អត្ថបទ លី ឈុនឡា


