ដើម្បីឱ្យដំណើរការនៃការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមបណ្តាខេត្ត ប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមន្ត្រី និងប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររាជធានី ខេត្ត» ជូនដល់មន្ត្រីជំនាញនៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥។

ផ្សារភ្ជាប់ទៅនឹងវគ្គបណ្តុះបណ្តាលនេះ គណៈកម្មការជំរឿនមន្រ្តីនៃក្រសួងមុខងារសាធារណៈ ក៏បានរៀបចំឱ្យមន្ត្រីជំនាញដែលជាសិក្ខាកាមទាំងអស់ ចុះពិនិត្យដំណើរការនៃការធ្វើជំរឿននៅទីតាំងដោយផ្ទាល់ នៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ជាទីតាំងមួយដែលគណៈកម្មការជំរឿន កំពុងពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីកំពុងបំពេញការងារជាក់ស្តែងនៃសាលារៀនគោលដៅដែលស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ បានផ្តល់ជូនមន្ត្រីជំនាញទាំងអស់ យល់ដឹងពីដំណើរការប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធធ្វើជំរឿនមន្រ្តី តាមរយៈបទបង្ហាញរបស់ក្រុមការងារ នៃគណៈកម្មការធ្វើជំរឿននៃក្រសួងមុខងារសាធារណៈ រួមទាំងការអនុវត្តដោយផ្ទាល់លើការប្រើប្រាស់ប្រព័ន្ធ ដើម្បីធានាដល់ដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង ប្រកបដោយភាពរលូន ឆាប់រហ័ស ច្បាស់លាស់ និងមានប្រសិទ្ធភាព៕






