ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបន្តគំរាមកំហែងអ៊ីរ៉ង់ពីលទ្ធភាពនៃការវាយប្រហារដោយយោធា ប្រសិនបើទីក្រុងតេអេរ៉ង់មិនយល់ព្រមតាមការទាមទាររបស់លោកលើបញ្ហាជាច្រើនចាប់ពីការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនុយក្លេអ៊ែររហូតដល់មីស៊ីលផ្លោងបាលីស្ទីក។

នៅក្នុងការបញ្ចេញយោបល់ទៅកាន់ប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Channel 12 ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ១០កុម្ភៈសប្ដាហ៍នេះ លោក Trump បានបង្ហើបពីសកម្មភាពឈ្លានពាន ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងជាមួយអ៊ីរ៉ង់ទេនោះ។
លោក Trump ក៏បានប្រាប់ទូរទស្សន៍នេះផងដែរថា ប្រសិនបើពួកលោកមិនឈានដល់កិច្ចព្រមព្រៀង ទេនោះ ពួកលោកនឹងត្រូវធ្វើអ្វីមួយដែលពិបាកបំផុត។
ការអត្ថាធិប្បាយបែបនេះបានកើតឡើង ខណៈប្រធានសន្តិសុខអ៊ីរ៉ង់ លោក Ali Larijani ជួបជាមួយមហាក្សត្ររបស់ប្រទេសអូម៉ង់ ព្រះអង្គ Haitham bin Tariq Al Said ដើម្បីពិភាក្សាអំពីលទ្ធផលនៃការចរចារវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់កាលពីសប្តាហ៍មុន។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បានលើកឡើងពីការបង្កើនកងកម្លាំងយោធាអាមេរិកនៅក្នុងតំបន់ ដោយបានបញ្ជូន «កងនាវាដ៏ធំ» ទៅកាន់ដែនទឹកក្បែរនោះ។ ការដាក់ពង្រាយនេះរួមមាននាវាផ្ទុកយន្តហោះ USS Abraham Lincoln ផងដែរ។
ទូរទស្សន៍ Channel 12 និងសារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Trump ក៏កំពុងគិតអំពីការបញ្ជូននាវាផ្ទុកយន្តហោះទីពីរទៅកាន់មជ្ឈិមបូព៌ាផងដែរ។
ការបង្កើនសកម្មភាពយោធានោះបានជំរុញឱ្យមានក្ដីបារម្ភអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់។ ក្រុមអ្នករិះគន់មានការព្រួយបារម្ភថាការវាយប្រហារបែបនេះអាចធ្វើឱ្យតំបន់នេះគ្មានស្ថិរភាព៕

