ចក្រភពអង់គ្លេសបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងបង្កើនកងទ័ពរបស់ខ្លួនដែលឈរជើងនៅក្នុងប្រទេសន័រវែស និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងបេសកកម្មអាក់ទិករបស់អង្គការណាតូ ក្នុងការទប់ទល់ នឹងការគំរាមកំហែងរបស់រុស្ស៊ីដែលកំពុងកើនឡើង។
ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសក្នុងការបង្កើនកងទ័ពរបស់ខ្លួនទ្វេដងនៅក្នុងប្រទេសន័រវែសពី ១.000នាក់ ទៅ ២.000 នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ បានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិកត្រូវបានកំណត់ឲ្យលះបង់ប៉ុស្តិ៍បញ្ជាការសំខាន់ពីររបស់ណាតូក្នុងតំបន់ ដើម្បីជំរុញឲ្យសម្ព័ន្ធមិត្តទទួលខុសត្រូវកាន់តែខ្លាំងឡើងចំពោះការការពាររបស់ពួកគេ។

ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សន្តិសុខអាក់ទិក និងសន្តិសុខកម្រិតខ្ពស់នៅភាគជើង នឹងត្រូវបានពង្រឹងប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ីដែលកំពុងកើនឡើង ខណៈដែលចក្រភពអង់គ្លេស បង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់នេះ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក John Healey គ្រោងនឹងបញ្ជាក់នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងយោធាចក្រភពអង់គ្លេស នៅភាគខាងជើងប្រទេសន័រវែសថា កងកម្លាំងអង់គ្លេស នឹងចូលរួមក្នុងបេសកកម្មឆ្មាំអាក់ទិករបស់អង្គការណាតូ ដើម្បីជំរុញសន្តិសុខនៅក្នុងតំបន់។
សមាជិកអឺរ៉ុបនៃសម្ព័ន្ធយោធាឆ្លងមហាសមុទ្រអាត្លង់ទិកនេះ បានប្រញាប់ប្រញាល់ជំរុញការការពារនៅក្នុងតំបន់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រើប្រាស់ការគំរាមកំហែងពីរុស្ស៊ី និងចិន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោក ដើម្បីដណ្តើមយកកោះហ្គ្រីនលែន (Greenland)៕
